ក្រុមហ៊ុន Samsung ហាក់មិនឲ្យឱកាសដឺឌង Apple រំលងផុតនោះឡើយ ដោយក្រុមហ៊ុនបានឌឺដង Apple ជុំវិញបញ្ហាដែលបណ្ដាលឲ្យកម្មវិធី ម៉ោងរោទិ៍លើ iPhone មិនដំណើរការដូចប្រក្រតី។
ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា iPhone របស់ពួកគេមិនបញ្ចេញសម្លេងម៉ោងរោទិ៍ ដែលធ្វើឲ្យពួកគេភ្ញាក់ពីដំណេកមិនទាន់ម៉ោង។ នាពេលថ្មីៗនេះ ការរាយការណ៍ពីបញ្ហានេះបន្តកើនឡើង ខណៈ Apple មិនទាន់បានផ្ដល់ដំណោះស្រាយនៅឡើយទេ។
ដោយឡែកគណនី Instagram របស់ Samsung នៅចក្រភពអង់គ្លេសបានបង្ហោះវីដេអូខ្លីមួយ ដោយបានភ្ជាប់ជាមួយ Caption ឈឺៗថា ៖ “សូមគេងឲ្យបានស្ងប់ចុះ កម្មវិធីម៉ោងរោទិ៍របស់យើងនឹងមិនបិទឡើយ ហើយថ្ងៃនេះអ្នកប្រើប្រាស់ Samsung អាចភ្ញាក់ទាន់ពេលវេលា។”
ជុំវិញបញ្ហានេះ Apple និយាយថា ក្រុមហ៊ុនកំពុងធ្វើការលើដំណោះស្រាយ ហើយនឹងបញ្ចេញការអាប់ដេតឆាប់ៗនេះ៕