ក្រុមហ៊ុន Samsung ទំនងជាបានសម្រេចគោលដៅនៃចំនួនលក់សម្រាប់ Galaxy S24 Series ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ។
របាយការណ៍ថ្មីចុងក្រោយពី Canalys បាននិយាយថា Samsung លក់បានប្រមាណ ១៣,៥លានគ្រឿង នៃស្មាតហ្វូនថ្មីរបស់ខ្លួន។ ប៉ុន្តែរបាយការណ៍នេះមិនបានលើកឡើងលម្អិតឡើយ ថាម៉ូដែលថាទទួលបានការពេញនិយមច្រើនជាងគេ។
Samsung បានប្រកាសចេញ Galaxy S24 Series នៅពាក់កំណ្ដាលខែមករា ដោយដើមឡើយបានប៉ុនប៉ងថានឹងលក់ឲ្យបាន ១២លានគ្រឿងនៅត្រីមាសទីមួយ។ យ៉ាងណានៅដើមខែកុម្ភៈ ក្រុមហ៊ុនបានដំឡើងគោលដៅដល់ ១៣លានគ្រឿង។
របាយការណ៍របស់ Canalys បង្ហាញថាការលក់ស្មាតហ្វូនលំដាប់ Flagship របស់ Samsung នៅត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ មានការកើនឡើង ៣៥% បើធៀបនឹង Galaxy S23 Series៕