ការលក់ iPhone នៅប្រទេសចិនបានធ្លាក់ចុះគួរកត់សម្គាល់នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ ដោយសារអតិថិជនបានងាកទៅរកស្មាតហ្វូន Premium របស់ក្រុមហ៊ុនដទៃ។ នេះបើតាមទិន្នន័យរបស់ស្ថាប័ន Counterpoint Research។
អំឡុងត្រីមាសដំបូងនៃឆ្នាំនេះ ទីផ្សារស្មាតហ្វូនចិនមានការកើនឡើង ១,៥% ធៀបនឹងឆ្នាំមុន ជាកំណើនរយៈពេលពីរត្រីមាសជាប់គ្នា។
កំណើននេះអាចសម្រេចបានដោយសារការលក់ខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុកដូចជា Huawei ដែលលក់បានច្រើនជាងមុន ៦៩,៧% ឯណោះ។ ជោគជ័យរបស់ Huawei បានមកពីស្មាតហ្វូន Mate 60 Series ជាស្មាតហ្វូនដ៏លេចធ្លោមួយ។
ផ្ទុយទៅវិញ Apple បានកត់ត្រាការលក់ថយចុះ ១៩,១% ធៀបនឹងឆ្នាំមុន។ អ្នកវិភាគបានលើកឡើងពីការរីកចម្រើនរបស់ Huawei ថាជាការគំរាមកំហែងដល់ Apple។
Counterpoint Research រំពឹងថា iPhone ពណ៌ថ្មី ជាមួយមុខងារ AI នឹងអាចជួយដល់ការលក់ iPhone នៅប្រទេសចិន៕