ស្មាតហ្វូន Samsung Galaxy 24 Series បាននាំមកនូវមុខងារ Galaxy AI ហើយក្រោយមកទៀត Samsung បានបញ្ចេញមុខងារទៅដល់ឧបករណ៍ដែលចេញឆ្នាំ២០២៣ ដែលបាននាំឲ្យ Galaxy AI ទៅដល់ដៃអ្នកប្រើប្រមាណ ១០០លាននាក់។
ពេលនេះដែរ Samsung បានបញ្ជាក់ថាខ្លួននឹងផ្ដល់មុខងារ Galaxy AI សម្រាប់ឧបករណ៍ដែលចេញឆ្នាំ២០២២បន្តទៀត។ ឧបករណ៍នោះមានដូចជា Samsung Galaxy S22 5G, Samsung Galaxy S22+ 5G, Samsung Galaxy S22 Ultra 5G, Samsung Galaxy Z Fold4, Samsung Galaxy Z Flip4, Samsung Galaxy Tab S8, Samsung Galaxy Tab S8+ និង Samsung Galaxy Tab S8 Ultra។
Galaxy AI នឹងជាផ្នែកមួយនៃការអាប់ដេត One UI 6.1 សម្រាប់ឧបករណ៍ដែលបានរៀបរាប់ខាងលើ ដែលវានឹងមាននូវមុខងារដូចជា Circle to Search with Google, Chat Assist, Interpreter, Live Translate, Note Assist, Transcript Assist, Browsing Assist, Generative Edit, Edit Suggestion និង AI-Generated Wallpaper ផងដែរ។
Samsung និយាយថាការបញ្ចេញអាប់ដេតថ្មីនេះនឹងចាប់ផ្ដើមនៅដើមខែឧសភា។ រំលឹកថាមុខងារ Galaxy AI នឹងមានឲ្យប្រើប្រាស់ឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២៥។ គេមិនទាន់ដឹងនៅឡើយទេថាមុខងារនេះនឹងមានតម្លៃប៉ុន្មាន នៅពេល Samsung ចាប់ផ្ដើមគិតប្រាក់៕