សេវាកម្ម Google One VPN នឹងផ្អាកដំណើរការនាចុងឆ្នាំនេះ។ នេះបើផ្អែកតាមអ៊ីម៉ែលផ្ញើជូនអតិថិជនដែលបានប្រទះឃើញដោយស្ថាប័ន Android Authority។
សេវាកម្មនេះបានដាក់ដំណើរការសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នាខែតុលា ឆ្នាំ២០២០ បន្ទាប់មកបានបន្តដាក់ដំណើរការលើ iOS និង Mac នៅក្នុងឆ្នាំ២០២២។
ពេលប្រកាសចេញដំបូង វាគឺជាផ្នែកមួយនៃសេវាកម្ម Google One ទំហំ 2TB ដែលមានតម្លៃប្រចាំខែ ៩,៩៩ដុល្លារ ឬ ៩៩,៩៩ដុល្លារ ក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Google បានបញ្ជាក់ថាការបញ្ចប់ដំណើរការសេវាកម្មនេះគឺដោយសារមិនមានអតិថិជនប្រើប្រាស់វា។ អតិថិជនបច្ចុប្បន្ននេះនឹងត្រូវបង្វែរទៅប្រើសេវាកម្ម VPN របស់ក្រុមហ៊ុនដទៃជំនួសវិញ។
យ៉ាងណា មុខងារ VPN នឹងនៅតែអាចប្រើប្រាស់បានសម្រាប់អតិថិជនប្រើប្រាស់ស្មាតហ្វូន Pixel 7 ឡើងទៅ តាមរយៈ Settings របស់ទូរសព្ទ៕