ក្រុមហ៊ុន Google បានយល់ព្រមលុបទិន្នន័យដែលខ្លួនបានប្រមូលពីអ្នកប្រើប្រាស់ដែលបានប្រើមុខងារ Incognito mode នៅលើកម្មវិធី Chrome របស់ខ្លួន ដើម្បីដោះស្រាយករណីប្ដឹងផ្ដល់ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០២០។
ក្នុងពាក្យបណ្ដឹងបានអះអាងថា Google បានធ្វើឲ្យអ្នកប្រើប្រាស់ភ័ន្តច្រឡំអំពីទិន្នន័យដែលបានប្រមូលពេលអ្នកប្រើប្រាស់លេងអ៊ីនធឺណិតដោយប្រើមុខងារ Incognito ឬ private mode ដោយមិនបានឲ្យពួកគេដឹង។ Google បានរក្សាទុកទិន្នន័យដែលក្នុងនោះរួមមាន ទិន្នន័យអំពីវិបសាយដែលប្រើប្រាស់បានចូលទៅដល់។
ពេលដែលប្រើ Incognito mode គេអាចឃើញពាក្យមួយឃ្លាដែលបញ្ជាក់ថា សកម្មភាពនៃការប្រើប្រាស់អ៊ីនធឺណិតនឹងមិនត្រូវបានមើលឃើញដោយអ្នកប្រើប្រាស់ដទៃទៀតឡើយ ហើយត្បិតថាមានសរសេរថាវិបសាយនីមួយៗនៅតែអាចដឹងអំពីសកម្មភាពរបស់អ្នកប្រើប្រាស់ ប៉ុន្តែមិនបានបញ្ជាក់ថា Google បានប្រមូលទិន្នន័យទុកដែរនោះទេ។
Google បានកែសម្រួលការប្រើប្រាស់ពាក្យពេជន៍នៃ Incognito mode កាលពីខែមករា ឆ្នាំ២០២៤ ដើម្បីបញ្ជាក់ថាខ្លួនប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ដូចពេលដែលប្រើមុខងារធម្មតាយ៉ាងអ៊ីចឹង។ បន្ថែមពីលើនេះ Google ក៏គ្រោងបំផ្លាញដោយទិន្នន័យរាប់ពាន់លានដែលបានប្រមួលទុកនាពេលកន្លងមក ដើម្បីដោះស្រាយករណីប្ដឹងផ្ដល់៕