ត្បិតថា Apple មិនបានចេញមុខបញ្ជាក់ ប៉ុន្តែលើ iOS 17.4 ហាក់បាននាំមកនូវមុខងារមួយសម្រាប់ iPhone 12 នោះគឺសមត្ថភាពគាំទ្រការសាកថ្មដោយឥតប្រើខ្សែបានដល់កម្លាំង 15W នៅពេលប្រើជាមួយដុំសាកដែកឆក់ Qi2។
ក្រុមហ៊ុន Apple បានប្រកាសចេញដុំសាកដែកឆក់ឥតប្រើខ្សែ MagSafe ជាមួយ iPhone 12។ ត្បិតថា MagSafe អាចសាកដល់កម្លាំង 15W ដោយមិនប្រើខ្សែ ប៉ុន្តែបើមិនប្រើដុំសាក MagSafe ទេនោះ ការសាកឥតខ្សែលើ iPhone 12 បានត្រឹមកម្លាំង 7.5W ប៉ុណ្ណោះ។
យ៉ាងណាក្ដីលើ iPhone 12 ជាមួយ iOS 17.4 ក្រុមការងារ Macworld បានធ្វើតេស្តសាកភ្លើងឥតប្រើខ្សែដោយប្រើដុំសាកឆក់ Qi2 ឃើញថាអាចសាកបានដល់កម្លាំង 15W។
គួរដឹងថា iPhone 15 គឺជា iPhone ដំបូងដែលគាំទ្រដុំសាក Qi2 ហើយក្រោយមក Apple បានពង្រីកការគាំទ្រនេះទៅដល់ iPhone 13 Series និង iPhone 14 Series ជាមួយ iOS 17.2៕