Huawei បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣ ដែលបង្ហាញអំពីតួលេខដ៏ល្អប្រសើរមួយ ជាសញ្ញាងើបឡើងវិញក្រោយរងទណ្ឌកម្មពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
នៅពេញមួយឆ្នាំ២០២៣ ក្រុមហ៊ុនរកចំណូលបានប្រមាណ ៩៧,៤ពាន់លានដុល្លារ ជាការកើនឡើង ១០% ធៀបនឹងឆ្នាំ២០២២ ខណៈប្រាក់ចំណេញកើនឡើងដល់ ១៤៤,៥% ដោយកត់ត្រាប្រាក់ចំណេញចំនួនប្រមាណ ១២ពាន់លានដុល្លារ ពេញមួយឆ្នាំ២០២២។
ក្នុងនោះ អាជីវកម្មគ្រឿងអេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃមានចំណែកធំជាងគេ ហើយអាជីវកម្មនេះក៏បានកើនឡើងប្រាក់ចំណូល ១៧,៣% ផងដែរ ដោយមួយធំគឺបានមកពីផ្នែកលក់ស្មាតហ្វូន។ នេះក៏ដោយសារស្មាតហ្វូន Huawei Mate 60 ទទួលបានការគាំទ្រខ្លាំងពីទីផ្សារចិន ដោយក្នុងពេលបួនខែដំបូងអាចលក់បាន ៣០លានគ្រឿង ជាតួលេខមួយខ្ពស់បំផុតសម្រាប់ត្រកូល Mate។
អាជីវកម្ម Cloud Computing របស់ Huawei ឯណោះវិញ មានការកើនឡើងចំណូល ២២% ដោយរកចំណូលបានប្រមាណ ៧,៧ពាន់លានដុល្លារ ខណៈដែលអាជីវកម្ម Software និងគ្រឿងបន្លាស់រថយន្ត ឃើញមានកំណើន ១២៨,១%។ ជាមួយជោគជ័យនេះ Huawei នឹងនៅតែបន្តវិនិយោគលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយបែងចែក ២៣,៤% នៃប្រាក់ចំណូលប្រចាំឆ្នាំ ទៅលើផ្នែកនេះ៕