ជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនទៅកាន់ក្រសួងយុត្តិធម៌របស់អាមេរិក ក្រុមហ៊ុន Apple បានបញ្ជាក់ថាខ្លួនធ្លាប់ពិចារណាបង្កើតនាឡិកា Apple Watch សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែមិនបានលទ្ធផលជាទីគាប់ចិត្តឡើយ។
ក្រុមហ៊ុន Apple បានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានចំណាយពេលបីឆ្នាំលើការស៊ើបអង្កេត និងបានសម្រេចថានាឡិកា Apple Watch ដែលគាំទ្រប្រព័ន្ធប្រតិបត្តិការ Android មិនបានទៅរួចនោះឡើយ ដោយសារការរឹតត្បិតលើបច្ចេកទេស និងចុងក្រោយក៏បានបោះបង់គំនិតនេះចោល។
ការលើកឡើងរបស់ Apple គឺដូចគ្នាទៅនឹងការចុះផ្សាយរបស់ស្ថាប័ន Bloomberg កាលពីឆ្នាំ២០២៣ ដោយក្នុងនោះមានលើកឡើងថាក្រុមហ៊ុន Apple បានពិចារណាលើការធ្វើឲ្យនាឡិកា Apple Watch អាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការ Android។
គួរដឹងថាការឆ្លើយតបរបស់ Apple គឺក្រោយពីក្រសួងយុត្តិធម៌របស់អាមេរិក បានដាក់ពាក្យប្ដឹង Apple ទាក់ទងទៅនឹងការប្រើប្រាស់សិទ្ធិផ្ដាច់ការ ដើម្បីកុំឲ្យមានគូប្រកួតប្រជែងអាចយកឈ្នះខ្លួនបាន៕