នៅឆ្នាំ ២០១៩ ការស្លាប់ និងពិការភាពបណ្តាលមកពីការបំពុលបរិយាកាស ធ្វើឲ្យប្រទេសឥណ្ឌាបាត់បង់ GDP ១,៣៦% គិតជាទឹកប្រាក់ ៣៦,៨ ពាន់លានដុល្លារ។ នេះបើយោងតាមការសិក្សាថ្មីមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ The Lancet។
ការសិក្សាខាងលើបានប៉ាន់ប្រមាណផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃការបំពុលបរិយាកាស ដោយសារវានាំឲ្យបាត់បង់ទិន្នផល ព្រោះតែការស្លាប់មុនអាយុ និងភាពមិនទៀងទាត់។ អ្នកស្រាវជ្រាវបានពិនិត្យទាំងការបំពុលបរិយាកាស ទាំងក្នុងផ្ទះ និងខាងក្រៅ នៅទូទាំងរដ្ឋ និងវាស់វែងពីផលប៉ះពាល់របស់វា។
គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ អ្នកស្លាប់ ១,៦៧ លាននាក់នៅឥណ្ឌា គឺបណ្តាលមកពីការបំពុលបរិយាកាស។ វាស្ទើរតែមួយក្នុងចំណោមអ្នកស្លាប់ទាំង ៥ នាក់នៅក្នុងប្រទេស ឬ ១៧,៨% នៃការស្លាប់ទាំងអស់។
ខណៈពេលដែលការស្លាប់ដោយសារការបំពុលបរិយាកាសក្នុងផ្ទះ បានថយចុះ ៦៤,២% ក្នុងចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៩ អ្នកដែលស្លាប់បណ្តាលមកពីការបំពុលបរិយាកាសក្រៅផ្ទះ បានកើនឡើងចំនួន ១១៥,៣% វិញ៕