ក្រសួងហិរញ្ញវត្ថុនៃប្រទេសថៃ កំពុងត្រៀមជំនួយហិរញ្ញវត្ថុដែលមានទឹកប្រាក់ប្រមាណ ២០០ ពាន់លានបាត ដើម្បីប្រឆាំងនឹងស្ថានភាពសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះក្នុងអំឡុងវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយពេលជាយូរ។
លោក Kulaya Tantitemit អគ្គនាយកស្តីទីនៃការិយាល័យគោលនយោបាយសារពើពន្ធថៃ បានមានប្រសាសន៍ថា ការផ្តល់ជំនួយហិរញ្ញវត្ថុបែបនេះ នឹងត្រូវបានចែកចាយតាមរយៈស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋ ដោយអនុវត្តគោលនយោបាយដើម្បីបង្កើនភាពងាយស្រួល និងថែរក្សាក្រុមបំណុលផ្សេងៗ។
ក្នុងចំណោមថវិកា ២០០ ពាន់លានបាត ក្នុងនោះ ១០០ ពាន់លានបាត គឺជាសាច់ប្រាក់សុទ្ធដែលនៅសល់ពីវិធានការរបស់រដ្ឋាភិបាលដំណាក់កាលដំបូង ដែលត្រូវបានចេញផ្សាយដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការផ្ទុះឡើងនៃកូវីដ១៩។
ព័ត៌មានលម្អិតនៃគោលនយោបាយនាពេលខាងមុខ គ្រោងនឹងប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារនេះរួច។
គួរឲ្យដឹងថា ថ្មីៗនេះមានរបាយការណ៍រាយការណ៍ថា ក្រសួងហិរញ្ញវត្ថុថៃគ្រោងនឹងដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយសង្គ្រោះសម្រាប់ការយល់ព្រមពីគណៈរដ្ឋមន្រ្តីនៅសប្តាហ៍នេះ ដើម្បីជួយដល់អ្នកខ្ចីប្រាក់នៅតាមស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋក្នុងខេត្តចំនួន ៣៣ ដែលរងផលប៉ះពាល់ដោយការរឹតបន្តឹង។
លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានឲ្យដឹងថា វិធានការនៃជំនួយនានារួមមានការពន្យាពេលសងបំណុល, ការព្យួរការសងប្រាក់ដើម និងការកាត់បន្ថយការប្រាក់៕