ទិន្នន័យរបស់រដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃច័ន្ទទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា ការនាំចេញទូរសព្ទស្មាតហ្វូននៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ២០,៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលចំនួនទូរសព្ទបានលក់ឲ្យអ្នកប្រើប្រាស់ បានធ្លាក់ចុះពី ៣៧២ លានគ្រឿង សល់ត្រឹម ២៩៦ លានគ្រឿង បើប្រៀបធៀបនឹងឆ្នាំ ២០១៩។
តួលេខពី China Academy of Information and Communications (CAICT) ដែលជាក្រុមអ្នកវិភាគគាំទ្រដោយរដ្ឋបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃវិបត្ដិកូវីដ១៩ នៅលើសង្វាក់ផ្គត់ផ្គង់ និងតម្រូវការ ព្រមទាំងនិន្នាការដែលកំពុងបន្តសម្រាប់អ្នកប្រើប្រាស់ ដែលរក្សាទុកទូរសព្ទរបស់ពួកគេយូរជាងមុន មុនពេលសម្រេចចិត្តឡើងស៊េរីផងដែរ។
គួររំលឹកឲ្យដឹងដែរថា នៅឆ្នាំ ២០១៩ ការនាំចេញស្មាតហ្វូនបានធ្លាក់ចុះ ៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមទិន្នន័យរបស់ CAICT។
អ្នកលក់ស្មាតហ្វូនបានចូលមកឆ្នាំ ២០២០ ដោយសង្ឃឹមថា វានឹងនាំមកនូវការលក់ជាថ្មី ខណៈអតិថិជនដែលទិញទូរសព្ទថ្មី នឹងអាចប្រើបណ្តាញ 5G ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសចិន។ ប៉ុន្តែនៅក្នុងឆមាសទី ១ នៃឆ្នាំ២០២០ ម៉ាកក្នុងស្រុក ដូចជា Oppo, Vivo និង Xiaomi មានការធ្លាក់ចុះយ៉ាងខ្លាំង ខណៈពេលក្រុមហ៊ុន Huawei ដែលជាយីហោឈានមុខគេរបស់ចិន ឈរនៅលើលំដាប់កំពូល បានបន្តបង្កើនចំណែកទីផ្សាររបស់ខ្លួន៕