អ្នកដំណើរតិចជាង ៩ លាននាក់បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិហុងកុង កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៥ ស្របពេលដែលទិន្នន័យថ្មីត្រូវបានគេរំពឹងថានឹងបង្ហាញនៅសប្តាហ៍នេះ ដែលឆ្លុះបញ្ចាំងពីរយៈពេលជិតមួយឆ្នាំនៃឥទ្ធិពលបំផ្លិចបំផ្លាញរបស់កូវីដ១៩ ទៅលើការធ្វើដំណើរតាមផ្លូវអាកាស។
ក្តីសង្ឃឹមនៃការជាសះស្បើយឡើងវិញក្នុងរយៈពេលខ្លី ក៏មើលទៅមិនល្អប៉ុន្មានដែរ។ នេះបើយោងតាមសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ International Air Transport Association ដែលកាលពីថ្ងៃអង្គារបាននិយាយអំពីវិធានការទប់ស្កាត់ការរាតត្បាតក្នុងទីក្រុង ជាពិសេសការសម្រេចចិត្តបង្កើនការធ្វើចត្តាឡីស័ក ពី ១៤ ទៅ ២១ ថ្ងៃ។
គួរឲ្យដឹងថា តួលេខអ្នកដំណើរប្រចាំឆ្នាំដែលនឹងត្រូវចេញផ្សាយដោយអាជ្ញាធរអាកាសយានដ្ឋានក្នុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការធ្លាក់ចុះប្រមាណ ៨៩% នៃចំនួនមនុស្សដែលធ្វើដំណើរចេញចូល និងឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិហុងកុង Hong Kong International Airport (HKIA) ។
៩៣% នៃចំនួនភ្ញៀវដែលបានប៉ាន់ស្មាន ៨,៨ លាននាក់ បានមកក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ មុនពេលព្រំដែនត្រូវបានបិទយ៉ាងមានប្រសិទ្ធិភាពពីភ្ញៀវទេសចរ នៅក្នុងខែមីនា។ តាមធម្មតា ព្រលានយន្តហោះដែលមមាញឹកបំផុតនៅអាស៊ី Hong Kong International Airport នេះ បានទទួលភ្ញៀវទេសចរចំនួន ៧១,៥ លាននាក់ កាលពីឆ្នាំមុន។ ប៉ុន្តែចំនួនសរុបនៅឆ្នាំ ២០២០ កាន់តែជិតដល់ឆ្នាំ ១៩៨៥ នៅពេលដែលមានមនុស្សតែ ៨,៦៣ លាននាក់បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋាន Kai Tak Airport៕