ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន បានកើនឡើង ១០ ភាគរយ កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញកាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ចំពេលងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាត និងការជំរុញបង្កើតទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ក្នុងនាមជាមេដឹកនាំបច្ចេកវិទ្យាបៃតង (green technology)។
សមាគមអ្នកផលិតរថយន្តចិន China Association of Automobile Manufacturers បាននិយាយថា ការលក់រថយន្តអគ្គសិនីថ្មី រួមទាំង រថយន្តអគ្គិសនីសុទ្ធ និង រថយន្ត Hybrid បានកើនឡើង ១០,៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ស្មើនឹង ១,៣៧ លានគ្រឿងនៅឆ្នាំ ២០២០។ ទោះជាយ៉ាងណា ការលក់រថយន្តសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ១,៩ ភាគរយ ស្មើនឹង ២៥,៣១ លានគ្រឿង ប៉ុន្តែតួលេខនេះគឺប្រសើរជាងការរំពឹងទុក។
ការបិទប្រទេសយ៉ាងសាហាវដើម្បីទប់ទល់នឹងវីរុសកូវីដ១៩ បានវាយលុកឧស្សាហកម្មនេះយ៉ាងខ្លាំងនៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២០ ប៉ុន្តែការលក់បានស្ទុះងើបឡើងវិញ ខណៈដែលទីក្រុងប៉េកាំង បានធ្វើឲ្យការផ្ទុះជំងឺក្នុងស្រុកស្ថិតក្នុងការគ្រប់គ្រង។
មិនតែប៉ុណ្ណោះ វិនិយោគិនបានងាកទៅរកវិស័យយានយន្តអគ្គិសនី នៅពេលដែលរដ្ឋាភិបាលចិនជំរុញឲ្យរថយន្តអគ្គិសនីថ្មីមានចំនួន ២៥ ភាគរយនៃការលក់រថយន្តសរុបទាំងអស់ នៅត្រឹមឆ្នាំ ២០២៥។ ការជំរុញនេះត្រូវបានអមដោយការលើកទឹកចិត្តដែលគាំទ្រដោយរដ្ឋ ខណៈប្រទេសចិនបានសម្រេចចិត្តកាលពីចុងខែមីនា ដើម្បីបន្តការលើកលែងពន្ធសម្រាប់ការទិញយានយន្តអគ្គិសនីក្នុងរយៈពេលពីរឆ្នាំទៀតផង៕