ចចាមអារ៉ាមនាពេលកន្លងមកបានលើកឡើងថា Apple កំពុងតែអភិវឌ្ឍន៍ iPhone SE ជំនាន់ទីបួន ជាមួយរូបរាងទាន់សម័យជាងមុន។ ពេលនេះរូបភាព CAD ដែលទើបលេចចេញបានបង្ហាញឲ្យឃើញច្បាស់ពីរូបរាង iPhone SE ជំនាន់ទីបួន ដែលមានឌីហ្សាញដូចជា iPhone 14 យ៉ាងអ៊ីចឹង។
iPhone SE បច្ចុប្បន្ន ចេញឆ្នាំ២០២២ មានអេក្រង់ ៤,៧អ៊ីញ និងមានប៊ូតុង Home ដែលស្រដៀងនឹង iPhone 8។ វាមានប្រើឈីប A15 Bionic និង TouchID ជំនួសឲ្យ FaceID ជាមួយតម្លៃលក់រាយ ៤២៩ដុល្លារ។
តាមរយៈរូបភាព CAD បានបង្ហាញថា SE ជំនាន់ថ្មី នឹងមានអេក្រង់ ៦,១អ៊ីញ ជាមួយក្បាលឆកនៅខាងលើដែលមានបំពាក់នូវសេនស័រ FaceID និងកាមេរ៉ាមុខ ហើយនៅខាងក្រោយមានកាមេរ៉ាមួយគ្រាប់។
ចចាមអារ៉ាមកន្លងមកឲ្យដឹងដែរថា iPhone SE ជំនាន់ថ្មី នឹងប្រើរន្ធសាក USB-C ជំនួសឲ្យរន្ធ Lightning ហើយក៏មានចចាមអារ៉ាមមួយអះអាងថាវានឹងមានប៊ូតុង Action ដែលបច្ចុប្បន្នកំពុងមានផ្ដាច់មុខតែលើ iPhone 15 Pro Series ប៉ុណ្ណោះ៕