ដៃគូចែកចាយរបស់ Apple ក្នុងប្រទេសចិន បានផ្ដល់ការបញ្ចុះតម្លៃលើ iPhone 15 ច្រើនបំផុតរហូតដល់ ១៨០ដុល្លារ សម្រាប់ម៉ូដែល iPhone 15 Pro Max ដោយសារតែតម្រូវការហាក់មានការថយចុះ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។
ការបញ្ចុះតម្លៃនេះ គឺបន្ទាប់ពី Apple បានផ្ដល់ការបញ្ចុះតម្លៃដ៏កម្រលើវិបសាយរបស់ខ្លួន មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកាលពីខែកុម្ភៈ។ យ៉ាងណាពេលនេះ Apple បានលក់ iPhone 15 ក្នុងតម្លៃដើមវិញ ក្រោយចប់ពិធីបុណ្យ។
ការផ្ដល់ជូនពិសេសនេះបង្ហាញ iPhone ជំនាន់ថ្មី ហាក់ពិបាកសាងប្រជាប្រិយភាពនៅប្រទេសចិន ខុសពីម៉ូដែលមុនៗ។ ការលក់របស់ Apple នៅប្រទេសចិន បានថយចុះ ១៣% មកនៅ ២០,៨ពាន់លានដុល្លារ កាលពីត្រីមាសទីបួន ខណៈការព្យាករណ៍គឺ ២៣,៥ពាន់លានដុល្លារ៕