Hard Case P28K ជាស្មាតហ្វូនដែលផលិតឡើងដោយក្រុមហ៊ុនបារាំង Avenir Telecom បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០២៤ ក្នុងនាមជាស្មាតហ្វូនដែលមានថ្មធំបំផុត។
ស្មាតហ្វូននេះមានបំពាក់ថ្មរហូតដល់ 28000mAh ដែលអាចនិយាយទូរសព្ទជាប់បាន ១២២ម៉ោង (ជាង ៥ថ្ងៃ) និងទុកចោល Standby បានដល់ ២២៥២ម៉ោង (ជិត ៩៤ថ្ងៃ)។ វាគាំទ្រកម្លាំងសាក 33W ហើយបើតាមក្រុមហ៊ុនអះអាងថាដើម្បីសាកថ្មពេញ គឺប្រើពេលមិនដល់ ៩០នាទីឡើយ។
Hard Case P28K ត្រូវបានផលិតសម្រាប់អ្នកប្រើប្រាស់ដែលត្រូវប្រើស្មាតហ្វូនក្រោមស្ថានភាពពិបាក មានពេលវេលាតិចក្នុងការសាកថ្ម ដូចជាអ្នកឡើងភ្នំ ឬកម្មកររ៉ែជាដើម។ វាមានបំពាក់អាវក្រោះការពារ IP69 មានន័យថាអាចធន់នឹងទឹកជម្រៅ២ម៉ែត្រ បាន១ម៉ោង។
ដោយសារតែថ្មធំ ចំណុចជាគុណវិបត្តិនោះគឺទំហំរបស់វា ដោយវាមានកម្រាស់ក្រាស់រហូតដល់ ២៧,៨ម.ម និងមានទម្ងន់ធ្ងន់ដល់ ៥៧០ក្រាម ធ្ងន់ជាង iPhone 15 ដល់ទៅបីដងឯណោះ។
ក្រៅពីមានថ្មធំ ចំណុចដទៃទៀតមិនសូវលេចធ្លោប៉ុន្មានឡើយ ដោយវាមានអេក្រង់ LCD ទំហំ ៦,៧៨អ៊ីញ មានប្រើឈីប MediaTek MT6789, RAM 8GB, អង្គផ្ទុក 256GB និងប្រើ Android 14 ដោយតម្លៃរបស់វាដែលគ្រោងចាប់លក់ពីខែតុលាខាងមុខ គឺមានតម្លៃប្រមាណ ២៧០ដុល្លារ៕