ឧបករណ៍ Vision Pro របស់ Apple មានតម្លៃចាប់ពី ៣៥០០ដុល្លារ សម្រាប់ទំហំ 256GB។ បើតាមស្ថាប័នស្រាវជ្រាវ Omdia បានឲ្យដឹងថា ថ្លៃដើមដែល Apple ចំណាយលើគ្រឿងបន្លាស់ឧបករណ៍នេះ គឺមានប្រមាណ ១៥៤២ដុល្លារ ប៉ុណ្ណោះ។
គ្រឿងបន្លាស់ដែលថ្លៃជាងគេនោះគឺអេក្រង់ micro-OLED ទំហំ ១,២៥អ៊ីញ ទាំងគូលើ Vision Pro ដែលមួយមានតម្លៃ ២២៨ដុល្លារ ដូចនេះមួយគូមានតម្លៃ ៤៥៦ដុល្លារ។ ផ្នែកបន្ទាប់នោះគឺបន្ទះឈីប M2 និងបន្ទះឈីបថ្មីសន្លាង R1 ប៉ុន្តែ Omdia មិនបានបង្ហាញតម្លៃឡើយ។
គួរដឹងថាតម្លៃថ្លៃដើមខាងលើគឺគិតគូរតែទៅលើផ្នែកគ្រឿងបន្លាស់ប៉ុណ្ណោះ ដោយមិនបានបញ្ចូលថ្លៃផលិត ថ្លៃវេចខ្ចប់ ឬថ្លៃចែកចាយនោះទេ ហើយជាងនេះ Apple ក៏បានចំណាយប្រាក់មហាសាលលើការស្រាវជ្រាវ និងអភិវឌ្ឍ និងការធ្វើទីផ្សារជាមួយឧបករណ៍ Vision Pro ផងដែរ៕