តួលេខរបស់ស្ថាប័ន TrendForce បានបង្ហាញថា ស្មាតហ្វូនបត់ប្រមាណ ១៥,៩លានគ្រឿង បានចរាចរណ៍លក់លើទីផ្សារកាលពីឆ្នាំ២០២៣ ដែលជាការកើនឡើង ២៥% ធៀបនឹងឆ្នាំ២០២២ និងមានចំណែក ១,៤% នៃចំនួនលក់ស្មាតហ្វូនសរុបលើពិភពលោក។
ស្ថាប័ន TrendForce បានលើកឡើងថា ភាគរយអ្នកប្រើប្រាស់ស្មាតហ្វូនបត់មិនសូវមានការកើនឡើងខ្លាំង ដោយសារតែកត្តាតម្លៃថ្លៃ និងការព្រួយបារម្ភលើភាពធន់។
ក្នុងនោះដែរគេឃើញថា Samsung បន្តនាំមុខលើទីផ្សារស្មាតហ្វូនបត់ ជាមួយចំណែកទីផ្សារ ៦៦% ប៉ុន្តែតួលេខនេះមានការថយចុះ ១៧% ធៀបនឹងឆ្នាំ២០២២។ ទីផ្សាររបស់ Samsung រំពឹងថានឹងបន្តថយចុះមកនៅ ៦០% នៅឆ្នាំ២០២៤នេះ។
ចំណាត់ថ្នាក់លេខ២ គឺបានទៅលើ Huawei ជាមួយចំណែកទីផ្សារក្រោម ១២%។ TrendForce បានព្យាករណ៍ថា Huawei អាចនឹងកើនឡើងចំណែកទីផ្សារដល់ ២០% នៅឆ្នាំ២០២៤នេះ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើ Xiaomi ជាមួយចំណែកទីផ្សារ ៥,៤%។
សម្រាប់ឆ្នាំ២០២៤នេះ TrendForce រំពឹងថាស្មាតហ្វូនបត់អាចនឹងលក់ចេញបាន ១៧,៧លានគ្រឿង ជាការកើនឡើង ១១% ហើយវានឹងកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនសរុបបាន ២% នៅត្រឹមឆ្នាំ២០២៥៕