ក្រុមហ៊ុនផលិតយានយន្តវៀតណាម VinFast បានរាយការណ៍ពីប្រាក់ចំណូល ៤៣៧លានដុល្លារ សម្រាប់ត្រីមាសទីបួន ឆ្នាំ២០២៣ ដែលធ្វើឲ្យចំណូលសរុបពេញមួយឆ្នាំ២០២៣ មានចំនួន ១,២ពាន់លានដុល្លារ កើនឡើង ៩១% ធៀបនឹងឆ្នាំ២០២២។
ការកើនឡើងប្រាក់ចំណូលនេះ ដោយសារតែការលក់រថយន្តមានការកើនឡើង ដោយក្រុមហ៊ុន VinFast អាចលក់រថយន្តអគ្គិសនីបាន ៣៤ ៨៥៥គ្រឿង កើនឡើងរហូតដល់ ៣៧៤% ធៀបនឹងឆ្នាំ២០២២ ខណៈដែលម៉ូតូអគ្គិសនីអាចលក់ចេញបាន ៧២ ៤៦៨គ្រឿង។
យ៉ាងណាក្ដី VinFast មិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ ដោយកាលពីត្រីមាសទីបួន មានការខាតបង់ ១៧៤,៩លានដុល្លារ ដែលធ្វើឲ្យការខាតបង់សរុបប្រចាំឆ្នាំ២០២៣ គឺមានចំនួន ៥៥១,៦លានដុល្លារ។
សម្រាប់ឆ្នាំ២០២៤នេះ VinFast បានដាក់គោលដៅលក់រថយន្តអគ្គិសនីឲ្យបាន ១០ម៉ឺនគ្រឿង ដោយក្រុមហ៊ុនបានឃើញពីសញ្ញាវិជ្ជមានកំពុងតែកើតមានក្នុងទីផ្សារអាមេរិក និងឥណ្ឌូណេស៊ីជាដើម៕