ក្រុមហ៊ុន Huawei កំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ជាម៉ូដែល P70 ដែលរំពឹងថានឹងប្រកាសចេញនៅអំឡុងចុងខែមីនាខាងមុខនេះហើយ។
បើតាមដំណឹងបែកធ្លាយ បានឲ្យដឹងថាម៉ូដែល P70 អាចនឹងប្រើឈីប Kirin 9000 ដូចដែលមាននៅលើ Mate 60 Series។ យ៉ាងណាក្ដី ម៉ូដែល P70 Pro, P70 Art និង P70 Pro+ អាចនឹងបំពាក់ឈីបដែល Overclocked កម្លាំងខ្លាំងលើសមុន ២០%។ ឈីបនេះដែរ កំពុងតែត្រៀមផលិតដោយក្រុមហ៊ុនផលិតឈីបធំរបស់ចិនឈ្មោះថា SMIC។
ប្រភពដដែលបានឲ្យដឹងអំពីអេក្រង់ផងដែរ ដោយបានលើកឡើងថា P70 ទាំងបួនម៉ូដែល ប្រហែលជាប្រើអេក្រង់កោង 1.5K ដើម្បីបង្កើនភាពទាក់ទាញ និងពង្រឹងគុណភាពលើការបង្ហាញរូបភាព។
ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ខ្លាំងគឺថា P70 Series អាចនឹងមានបំពាក់បច្ចេកវិទ្យាទំនាក់ទំនងតាមផ្កាយរណបលើគ្រប់ម៉ូដែល។ ពីមុនមកបច្ចេកវិទ្យានេះ បានបំពាក់តែនៅលើម៉ូដែលដែលមានតម្លៃថ្លៃប៉ុណ្ណោះ។
Huawei បានចាប់ផ្ដើមបំពាក់បច្ចេកវិទ្យាផ្កាយរណបជាមួយ Mate 50 Pro កាលពីឆ្នាំ២០២២ ដែលអាចប្រើសម្រាប់ការផ្ញើសារចេញ។ ចូលដល់ P60 Pro និង P60 Art វាអាចផ្ញើសារចេញ និងទទួលសារបានផងដែរ ខណៈលើត្រកូល Mate 60 Series គេឃើញមានមុខងារខលទូរសព្ទតាមផ្កាយរណបលើម៉ូដែល Pro និង Pro+៕