[ទីផ្សារបរទេស] ស្ថាប័នស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញថាក្រុមហ៊ុន Samsung អាចលក់ស្មាតហ្វូនបានច្រើនជាងគេនៅឥណ្ឌា កាលពីឆ្នាំ២០២៣។
គួរដឹងថា Samsung បានឡើងគ្រងតំណែងលេខមួយជាថ្មី ក្រោយពីតំណែងនេះត្រូវបានគ្រងដោយ Xiaomi រយៈពេល៦ឆ្នាំ ប៉ុន្តែក្រុមហ៊ុនមេរបស់ Redmi និង Poco នេះ នៅតែមានភាពខ្លាំងក្លា ដោយបានគ្រងតំណែងលេខមួយនៅអំឡុងត្រីមាសទីបួននៃឆ្នាំ២០២៣ ជាមួយចំណែកទីផ្សារ ១៨,៣%។
ងាកមើលចំនួនលក់សរុបលើទីផ្សារឥណ្ឌាគឺមានប្រមាណ ១៥២លានគ្រឿង។ នៅអំឡុងឆមាសដំបូង ឧស្សាហកម្មស្មាតហ្វូនឥណ្ឌាមិនសូវជាមានភាពរីកចម្រើននោះទេ ប៉ុន្តែក្នុងឆមាសទីពីរ ទីផ្សារចាប់ផ្ដើមប្រសើរឡើងវិញ ដោយសារសេវាកម្ម 5G ជាមួយនឹងការលក់ចេញបានច្រើនលើសពីការរំពឹងទុកក្នុងអំឡុងពិធីបុណ្យ។
ស្ថាប័នស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញដែរថា ការលក់របស់ Apple ក្នុងប្រទេសឥណ្ឌា បានឈានដល់ ១០លានគ្រឿង ជាលើកដំបូងបំផុតសម្រាប់រយៈពេលពេញមួយឆ្នាំ៕