[ទីផ្សារបរទេស] ក្រុមហ៊ុន Apple បានចែករំលែកអំពីរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដែលឃើញថាប្រាក់ចំណូលគឺមាន ១១៩,៦ពាន់លានដុល្លារ ជាការកើនឡើង ២% ខណៈលុយចំណេញមានចំនួន ៣៣,៩ពាន់លានដុល្លារ កើនឡើង ១៣%។
ក្នុងនោះដែរ ចំណូលពីការលក់ iPhone មានចំណែកធំជាងគេគឺរហូតដល់ ៦៩,៧ពាន់លានដុល្លារ ឯចំណូលពីសេវាកម្មដូចជា Apple Music, TV+, iCloud និង App Store បានកត់ត្រានូវតួលេខខ្ពស់បំផុតមិនធ្លាប់មាន ដោយមានចំនួន ២៣,១ពាន់លានដុល្លារ។
ចំណែកចំណូលពីផ្នែក Wearable និងគ្រឿង Accessory មានចំនួន ១១,៩ពាន់លានដុល្លារ ចំណូលពីការលក់កុំព្យូទ័រ Mac មានចំនួន ៧,៨ពាន់លានដុល្លារ និងចំណូលពីការលក់ iPad បានថយចុះពី ៩,៤ពាន់លានដុល្លារ មកនៅត្រឹម ៧ពាន់លានដុល្លារប៉ុណ្ណោះ។ ការមិនប្រកាសចេញ iPad ថ្មីសូម្បីតែមួយក្នុងឆ្នាំ២០២៣នេះ ទំនងជាហេតុផលធ្វើឲ្យចំណូលពី iPad មានការថយចុះខ្លាំងបែបនេះ។
ងាកទៅមើលទីផ្សារវិញ ទីផ្សារធំជាងគេរបស់ Apple គឺអាមេរិក ដែលរកចំណូលបាន ៥០,៤ពាន់លានដុល្លារ តាមពីក្រោយដោយអឺរ៉ុប ៣០,៤ពាន់លានដុល្លារ និងប្រទេសចិន ២០,៨ពាន់លានដុល្លារ៕