នៅឆ្នាំ២០២៣ ស្រមោលនៃការសំងំផលិតឡានអគ្គិសនី Apple ហាក់ជាប់គាំង ប៉ុន្ដែមកដល់ឆ្នាំ២០២៤ មានរបាយការណ៍ថ្មីបង្ហាញថា យក្សបច្ចេកវិទ្យាមួយនេះ បានបង្កើនចំនួនអ្នកបើកបរសាកល្បងរបស់ខ្លួនដល់ ១៦២នាក់ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីចំពោះបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។
ទន្ទឹមនឹងអ្នកបើកបរទាំងនេះ ក្រុមហ៊ុនមានរថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិបាន ដល់ទៅចំនួន ៦៨គ្រឿង។ ទោះជាដំណឹងលេចឮ តែនេះហាក់ជាដំណឹងរំភើបដល់ប្រិយមិត្ត Apple ត្បិតទោះក្នុងភាពស្រពេចស្រពិលពីអនាគត ឡាន Apple ក៏មានពន្លឺល្អៗពន្លយមក។
គួររំលឹកឡើងវិញថា នៅឆ្នាំ២០២២ មានការរំពឹងទុកយ៉ាងទូលំទូលាយថា Apple អាចនឹងបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួន នាឆ្នាំ២០២៦។ ទាក់ទងនឹងបច្ចេកវិទ្យា ឡានអគ្គិសនីបើកបរដោយស្វ័យប្រវត្តិនេះ Tesla ដែលជាជើងខ្លាំងដ៏ធំមួយ ត្រូវបានគេរាយការណ៍ថា កំពុងឈានមុខគេនៃការស្រាវជ្រាវ បច្ចេកវិទ្យាមួយនេះកន្លងមក៕