ក្រុមហ៊ុន Hyundai និង Kia រំពឹងថា ការលក់រថយន្តរបស់ពួកគេនឹងស្ទុះងើបឡើងវិញ នៅឆ្នាំ ២០២១ បន្ទាប់ពីការធ្លាក់ចុះ ២ ឆ្នាំជាប់ៗគ្នា។
ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងខាងលើរំពឹងថា នឹងលក់រថយន្តបានចំនួន ៧,០៨ លានគ្រឿងនៅទូទាំងពិភពលោក នៅឆ្នាំ ២០២១ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពីចំនួន ៦,៣៥ លានគ្រឿង ដែលក្រុមហ៊ុនទាំងពីរបានលក់នៅឆ្នាំ ២០២០ នេះ។
ក្រុមវិនិយោគិនមានក្តីសង្ឃឹម ជាពិសេសចំពោះការជំរុញការលក់រថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុន Hyundai និង Kia នៅឆ្នាំនេះ ដោយមនុស្សជាច្រើនរំពឹងថា រថយន្តអគ្គិសនី Kona Electric នឹងបន្តលក់ដាច់បានច្រើនទៀត បើទោះបីជាមានការហៅត្រឡប់ចូលរោងចក្រវិញទូទាំងពិភពលោកថ្មីៗនេះ ដោយសារភ្លើងឆេះក៏ដោយ។
ទោះយ៉ាងណាក៏ដោយ លោក Kevin Yoo អ្នកវិភាគប្រចាំក្រុមហ៊ុន eBEST Investment & Securities បានប្រាប់កាសែត Reuters ថា ខណៈដែលទីផ្សារសំខាន់ៗរួមទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងស្ទុះងើបឡើងវិញ ការប្រកួតប្រជែងនៅក្នុងវិស័យយានយន្តអគ្គិសនីនឹងកើនឡើង តែនៅឆ្នាំ ២០២១ ប៉ុណ្ណោះ៕