ប្រទេសវៀតណាម នឹងចាប់ផ្តើមដំណាក់កាលដំបូង នៃការសាងសង់អាកាសយានដ្ឋានដ៏ធំបំផុតរបស់ខ្លួន នៅជិតទីក្រុងហូជីមិញ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ ខណៈដែលប្រទេសនេះកំពុងព្យាយាមបង្កើនការវិនិយោគសាធារណៈដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ចំពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាល។
រដ្ឋាភិបាលវៀតណាមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ដំណាក់កាលដំបូងនៃអាកាសយានដ្ឋានឡុងថាញ (Long Thanh) នៅខេត្តដុងណៃ (Dong Nai) នឹងត្រូវចំណាយថវិកាចំនួន ៤,៦៦ ពាន់លានដុល្លារ ហើយនឹងត្រូវដំណើរការចាប់ពីឆ្នាំ ២០២៥។ វានឹងរួមបញ្ចូលទាំងផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រ, ចំណត និងកន្លែងដែលមានសមត្ថភាពអាចបម្រើដល់អ្នកដំណើរ ២៥ លាននាក់ និងដឹកទំនិញបាន ១,២ លានតោនក្នុងមួយឆ្នាំ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនោះថា “ការសាងសង់ព្រលានយន្តហោះ គឺជាជំហានសំខាន់មួយដើម្បីជំរុញការវិនិយោគសាធារណៈ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃជំងឺរាតត្បាតកូវីដ១៩ ទៅលើសេដ្ឋកិច្ច”។
យោងតាមរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា គម្រោងទាំងមូលនោះ នៅពេលដំណើរការពេញលេញនឹងអាចបម្រើអ្នកដំណើរ ១០០ លាននាក់ក្នុងមួយឆ្នាំ ហើយចំណាយថវិកា ១៦ ពាន់លានដុល្លារដើម្បីសាងសង់៕