ការតភ្ជាប់ផ្លូវដែកល្បឿនលឿនដែលមានតម្លៃរាប់ពាន់លានដុល្លាររវាង ប្រទេសសិង្ហបុរី និងរដ្ឋធានីគូឡាឡាំពួ របស់ប្រទេសម៉ាឡេស៊ី ត្រូវបានលុបចោល។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីគម្រោងនេះទេ បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានស្វែងរកការផ្លាស់ប្តូរដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្តាលមកពីរោគរាតត្បាតកូវីដ១៩។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសម៉ាឡេស៊ីនឹងត្រូវទូទាត់សងចំពោះថ្លៃដើមដែលបានកើតឡើងរួចទៅហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតរបស់ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។
គួរឲ្យដឹងថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីថ្ងៃផុតកំណត់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ការពន្យារពេលលើកទី ២ និងចុងក្រោយ នៃការព្យួរគម្រោងដែលត្រូវបានអនុវត្តជាលើកដំបូង កាលពីឆ្នាំ ២០១៣។ កាលពីខែមិថុនាប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរនេះ បានយល់ព្រមដាក់ការអភិវឌ្ឍ ប៉ុន្តែក្រោយមកបានផ្អាកម្តងទៀតនៅពេលមានការពិភាក្សាជុំវិញការចំណាយ៕