គេឃើញមានការចុះបញ្ជីថ្មីៗនេះរបស់ទូរសព្ទ Nothing ដែលមានលេខម៉ូដែល A142 ខណៈក្រុមហ៊ុនក៏ប្រកាសថាត្រៀមនឹងបង្ហាញចេញសប្តាហ៍នេះផងដែរ។ បើតាមពាក្យចចាមអារ៉ាម វាអាចនឹងប្រើឈ្មោះ Phone 2A ដែលជាម៉ូឌែលធូរថ្លៃជាងម៉ូឌែលបច្ចុប្បន្ន ដែលកំពុងដាក់លក់ ៦០០ដុល្លារ។
មិនមានលេចឮអ្វីច្រើនពីដំណឹងមួយម៉ូឌែលនេះ ដោយគេគ្រាន់តែដឹងថា វាទំនងជាម៉ូឌែល ប្រើអេក្រង់ AMOLED ទំហំ 6.7អ៊ិញ មានកាមេរ៉ាភ្លោះ និងខ្នងខាងក្រោយ ជាប្រភេទមើលឃើញដល់ខាងក្នុង ដែលជាអត្តសញ្ញាណរបស់ Nothing តែម្ដង។
គួរបញ្ជាក់ថា Nothing ជាម៉ូឌែលស្មាតហ្វូនថ្មីមួយ ត្រូវបានបង្កើតឡើងដោយ លោក Carl Pei ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតស្មាតហ្វូនចិន OnePlus។ ក្រុមហ៊ុននេះបញ្ចេញស្មាតហ្វូនទី១របស់ខ្លួន កាលពីចុងឆ្នាំ២០២២ មានឈ្មោះថា Nothing Phone (1) ដោយដាក់លក់ចាប់ពី ៤៧០ដុល្លារ ឡើងទៅ៕