ក្រុមហ៊ុនផ្គត់ផ្គង់នៅកូរ៉េរបស់ Apple បានចាប់ផ្តើមសំងំអភិវឌ្ឍ ប្រព័ន្ធកាមេរ៉ាក្រោមអេក្រង់ (UDC = Under Display Camera) ដែលនេះជាវិធីប្រសើរបំផុតធ្វើឱ្យ iPhone មានអេក្រង់ពាសពេញផ្នែកខាងមុខតែម្ដង។ យោងតាមប្រភពសារព័ត៌មាន The Elec, ក្រុមហ៊ុន LG Innotek បានចូលទៅកាន់ការអភិវឌ្ឍន៍កម្រិតបឋម នៃកាមេរ៉ាក្រោមអេក្រង់ ហើយមិនមានលទ្ធផលនៅក្នុងបន្ទះដែលអាចមើលឃើញនៅពេលដែលកាមេរ៉ាមិនប្រើ។
គួរដឹងថា ការប្រើកាមេរ៉ាក្រោមអេក្រង់ គឺប៉ះពាល់ទៅដល់ពន្លឺ ត្បិតលែនកាមេរ៉ា ត្រូវឆ្លងកាត់ស្រទាប់អេក្រង់ច្រើនជាន់ ដោយមិនអាចស្រូបពន្លឺចូលបានច្រើន។ ម៉្លោះហើយ ទើប LG Innotek កំពុងអភិវឌ្ឍកញ្ចក់ពិសេស ហៅថា “freeform optic” ដែលអាចកាត់បន្ថយការរំខានពន្លឺតាមកញ្ចក់ និងជួយស្រូបពន្លឺចូលបានច្រើន អំណោយផលដល់ការថតឱ្យប្រសើរ គឺជួយស្រូបពន្លឺខ្លាំងលើ ២០% សម្រាប់ឆ្នាំ២០២៣ និងកើនដល់ ៣០% ពេលដល់ឆ្នាំ២០២៤។
LG Innotek បានចុះបញ្ជីប៉ាតង់សម្រាប់ការរកឃើញនេះ តាំងពីខែធ្នូឆ្នាំមុនមកម៉្លេះ ហើយគេរំពឹងថា ឥឡូវនេះការអភិវឌ្ឍន៍ បានចាប់ផ្តើមហើយ។ វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់បច្ចេកវិទ្យា Face ID នៅក្រោមបន្ទះនៅក្នុង iPhone 17 Pro ឆ្នាំ 2025។
យ៉ាងណា Apple ត្រូវបានគេរាយការណ៍ថា បានទទួលគំរូបច្ចេកវិទ្យា កាមេរ៉ាក្រោមអេក្រង់រួចហើយពីអ្នកលក់ដែលមិនបញ្ចេញឈ្មោះ ប៉ុន្តែគេបានវាយតម្លៃថា មិនទាន់ពេញចិត្តនៅឡើយ។ យ៉ាងណាក៏ដោយ បើតាមដំណឹងចចាមអារ៉ាមកន្លងមក ផែនការ iPhone ប្រើអេក្រង់លាតពេញតួខ្លួន គ្មានប្រឡោះកាមេរ៉ា ត្រៀមនឹងបំពាក់តែលើម៉ូឌែល Pro នៃ iPhone 17 Pro នាឆ្នាំ២០២៥ ខាងមុខនេះ៕