ប្រទេសវៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦,៥ ភាគរយសម្រាប់ឆ្នាំ ២០២១ ខណៈដែលខ្លួនព្យាយាមធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញ បន្ទាប់ពីទទួលរងឥទ្ធិពលរបស់កូវីដ១៩។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “ឥឡូវនេះយើងអាចបញ្ជាក់បានថា ប្រទេសវៀតណាមបានទទួលជោគជ័យទាំងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងរក្សាកំណើន”។
ទោះបីជាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានធ្លាក់ចុះដល់ ២,៩១ ភាគរយនៅឆ្នាំនេះក៏ដោយ ក៏វាជាអត្រាទាបបំផុតក្នុងរយៈពេល ១០ ឆ្នាំ (២០១១-២០២០) ហើយសេដ្ឋកិច្ចនៅតែស្ថិតក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលមានកំណើនវិជ្ជមាន។ នេះបើតាមការបញ្ជាក់របស់លោក Nguyen Xuan Phuc។
នាយករដ្ឋមន្រ្តីខាងលើបានឲ្យដឹងទៀតថា លទ្ធផលនេះត្រូវបានសម្រេចដោយការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រប្រឆាំងនឹងរោគរាតត្បាត ជាមួយនឹងការខិតខំរួមគ្នារបស់រដ្ឋាភិបាល និងប្រជាជន។
លោកបានបន្ថែមទៀតថា ប្រទេសនេះអាចរក្សាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទាបបំផុត គឺ ៣៥ នាក់ ខណៈពេលដែលមានការរីកចម្រើនសេដ្ឋកិច្ចសង្គម និងការពង្រឹងការការពារជាតិទៀតផង៕