Omate បានប្រកាសចិញ្ចៀនឆ្លាតវៃថ្មីមួយ ដែលមានឈ្មោះថា Ice Ring។ វាត្រូវបានផលិតពីសារធាតុ ទីតានីញ៉ូមអាឡយ និងមានការរចនាស្តើង បែបតិចនិយមផងដែរ។ ចិញ្ចៀនឆ្លាតវៃនេះភ្ជាប់មកជាមួយមុខងារត្រួតពិនិត្យសុខភាព រួមទាំងការតាមដានការគេង ការត្រួតពិនិត្យចង្វាក់បេះដូង ការតាមដានកម្រិតអុកស៊ីសែនក្នុងឈាម ត្រួតពិនិត្យកម្រិតស្ដ្រស និងពិនិត្យសម្ពាធឈាមផងដែរ។
ដោយទិន្នន័យ តាមដានសុខភាពទាំងនេះ គឺអ្នកចូលទៅមើលវិញបានលើ app ដែលមានលើ iPhone និង ស្មាតហ្វូន Android។ វាក៏ support ការលេងកីឡាច្រើនប្រភេទផងដែរ។ ហើយថែមទាំងអាច កត់ចំណាំផ្លូវ ពេលអ្នកចេញក្រៅតាមរយៈ Google Maps និង GPS នៅលើស្មាតហ្វូនរបស់អ្នក។
Omate Ice Ring បំពាក់ដោយបន្ទះឈីបរបស់ Goodix មានទំហំផ្ទុក 1MB ប្រើ Bluetooth 5.1 និងថាមពលថ្ម 20mAh ដែលអាចប្រើបាន ៤ទៅ៦ថ្ងៃ បើតាមការផ្សាយពាណិជ្ជកម្ម។ វាមានទម្ងន់ ២,៩ក្រាម កម្រាស់ 2.5mm និងមានស្ដង់ដារពារទឹក IP68។
Omate Ice Ring ចេញលក់មាន ៦ទំហំ និងបីពណ៌ គឺពណ៌មាស ប្រាក់ និងខ្មៅ។ តម្លៃដាក់លក់នៅទីផ្សារអឺរ៉ុប ប្រមាណ ២០០ដុល្លារ៕