ក្នុងអាណត្តិរដ្ឋាភិបាលថ្មី កម្ពុជាបានប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗដើម្បីពង្រីកទីផ្សារនាំចេញរបស់ខ្លួន។ បើតាមហ្វេសបុកក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងចូលរួម ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ ប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៦៩ បានសាងសង់ពន្លាជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ នេះ។ គូសបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6th China International Import Expo) បានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងពន្លាជាតិកម្ពុជា មានដាក់តាំងបង្ហាញ ផលិតផលសក្តានុពល នានាដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត និងវត្ថុអនុស្សាវរីយ៍ជាដើម ព្រមទាំងដាក់តាំងបង្ហាញនូវរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីបរិយាកាស វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជា។
ថ្មីនេះផងដែរសមាគមស្វាយចន្ទីកម្ពុជា (សសក) បានបញ្ជូនក្រុមហ៊ុន ៤ ជាសមាជិករបស់ខ្លួន ក្នុងនោះ ២ក្រុមហ៊ុនកែច្នៃស្វាយចន្ទី ចូលរួមពិព័រណ៍លើកទី១៨នៅ Gwangju Food Fair 2023 (១២-១៥/១០/២៣) កូរ៉េខាងត្បូង។ ក្រោយពីពិព័រណ៍នេះ មានការទាក់ទងបញ្ជារទិញគ្រាប់ស្វាយចន្ទីកែច្នៃរួច គួរឱ្យជាទីទុកចិត្ត។ នាថ្ងៃខាងមុខនេះដែរក្រុមការងាររបស់សមាគមស្វាយចន្ទីកម្ពុជា បានស្ម័គ្រចិត្តចេញថវិការផ្ទាល់ខ្លួន ចូលរួមផ្សព្វផ្សាយផលិតផលស្វាយចន្ទីនៅក្នុងពិព័រណ៍និងវេទិការធុរកិច្ច នៅទីក្រុងឡង ប៊ិក រដ្ឋកាលីហ្វនា សហរដ្ឋអាមេរិកពីថ្ងៃទី ៧ ដល់ ១៤ ខែវិច្ឋិកា ២០២៣ ខាងមុខ។ គ្រាន់តែដឹងថាមាន គណៈប្រតិភូរបស់ សសក ចូលរួមវេទិការនេះ មានក្រុមហ៊ុនពីរធ្វើការណាត់ជួបពីចម្ងាយ សង្ឃឹមថាអ្វីនឹងមានការប្រែប្រួលវិជ្ជមានលើវិស័យស្វាយចន្ទីកម្ពុជា។
ទោះយ៉ាងនេះក្តីមានក្រុមហ៊ុនបញ្ជារទិញពីបរទេសច្រើន ប៉ុន្តែសហគ្រាសរបស់យើងមិនមានសមត្ថភាពបំពេញតម្រូវការបញ្ជាទិញដោយហេតុថាគ្មានទុនបង្វិលគ្រប់គ្រាន់ក្នុងការទិញគ្រាប់ឆៅស្តុកទុក ជាហេតុធ្វើលំឱ្យហូរវត្ថុធាតុដើមចេញទៅក្រៅប្រទេសជាគំហុក ជាពិសេសនាំចេញទៅវៀតណាម។ ជាក់ស្តែងគ្រាប់ចន្ទីកែច្នៃហើយ កម្ពុជាអាចផលិតនាំចេញបានតែ ៧០០ តោន ស្មើទឹកប្រាក់ ៦,៦៥ លានដុល្លាតែប៉ុណ្ណោះ ក្នុងរយៈពេល៩ខែ។ ចំណែកប្រទេសវៀតណាមវិញ រយៈពេល៩ខែឆ្នាំ ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ បានជិត ៤៥៣ ០០០ តោន ដែលមានតម្លៃជាង ២,៥ ពាន់លានដុល្លារ កើនឡើង ១៨.៨% ក្នុងបរិមាណ និងកើនឡើង ១៣.៥% ក្នុងតម្លៃបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២២។
លោកអួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា យើងមិនចង់ប្រណាំងប្រជែងជាមួយវៀតណាមទេ អ្វីដែលយើងចង់បានគឺការគៀរគរវិនិយោគក្រៅប្រទេសមកបង្កើតរោងចក្រក្នុងប្រទេសយើង និងជួយជ្រោមជ្រែងសហគ្រាសដែលមានស្រាប់ក្នុងស្រុក ដើម្បីផ្តល់តម្លៃបន្ថែមដល់កសិករ និងបង្កើតការងារក្នុងសហគមន៍។ រដ្ឋបាលថ្នាក់ជាតិ ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានប្រឹងប្រែទាក់ទាញវិនិយោគនិងសម្រួលពាណិជ្ជកម្ម នៅឡើយតែអាជ្ញាធរថ្នាក់ក្រោមជាតិដែលត្រូវពួតដៃគ្នាថែរក្សាររោងចក្រ វិនិយោគ សហគ្រាសទាំងនោះ ឱ្យបាននៅគង់វង្សយូរអង្វែង តាមរយៈការផ្តល់សេវាសាធារណៈ និងកុំបង្ករបញ្ហា ដែលធ្វើឱ្យវិនិយោគិនធុញទ្រាន់ ៕