[បរទេស] ស្ពាន Duge Beipanjiang ដែលជាស្ពានឆ្លងកាត់ព្រំដែនខេត្ត Guizhou និងខេត្ត Yunnan ក្នុងប្រទេសថៃ គឺជាស្ពានដែលខ្ពស់ជាងគេក្នុងលោក ជាមួយកម្ពស់រហូតដល់ ៥៦៥ម៉ែត្រ គិតចាប់ពីផ្ទៃទន្លេ Beipan ដែលស្ពាននេះបានឆ្លងកាត់។
ស្ពាន Duge Beipanjiang ដែលអាចហៅបានថាស្ពាន Beipanjiang ឬស្ពាន Duge គឺជាស្ពានខ្សែកាប លាយជាមួយស៊ីម៉ង់ និងដែក ដែលមានផ្លូវចំនួន៤ខ្សែ ដោយការសាងសង់បានចំណាយទឹកប្រាក់អស់ខ្ទង់ ១ពាន់លានយ័ន ស្មើប្រមាណ ១៤០លានដុល្លារ ដោយវាមានប្រវែងសរុប ១ ៣៤១ម៉ែត្រ។
ស្ពាននេះបានតភ្ជាប់តំបន់ Xuanwei ក្នុងខេត្ត Yunnan ជាមួយតំបន់ Liupanshui នៃខេត្ត Guizhou ដែលអាចជួយកាត់បន្ថយរយៈពេលនៃការធ្វើដំណើររវាងតំបន់ទាំងពីរពីពេល៤ម៉ោង មកនៅត្រឹមជាង ១ម៉ោងប៉ុណ្ណោះ។
សំណង់ដ៏មហិមានេះ បានចាប់ផ្ដើមការសាងសង់ក្នុងឆ្នាំ២០១៣ និងក្រោយរយៈពេលជាង៣ឆ្នាំ ស្ពាននេះបានសាងសង់សម្រេចជាស្ថាពរក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបានបើកដំណើរការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំដដែល។
នេះគឺជាជោគជ័យដ៏ធំមួយសម្រាប់វិស័យសំណង់ និងវិស្វកម្ម ព្រោះថាដើម្បីសាងសង់ស្ពាននេះបានសម្រេចគឺបានឆ្លងកាត់បញ្ហាធំៗជាច្រើន រួមមានបញ្ហាទីតាំងភូមិសាស្ត្រ ការធ្វើដំណើរ និងបញ្ហាធាតុអាកាសផងដែរ។
ដោយសារតែកម្ពស់ដ៏ខ្ពស់របស់វា ស្ពាន Duge Beipanjiang បានក្លាយជាទីតាំងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ពិសេសមួយ ដោយវាមានប៉មសម្រាប់មើលទេសភាព ដែលមានកម្ពស់រហូតដល់ ៥៦៥ម៉ែត្រ ពីលើផ្ទៃទន្លេ Beipan៕