[ទីផ្សារបរទេស] ក្នុងរយៈពេលបីខែគិតចាប់ពី ខែកក្កដា ដល់ខែកញ្ញា នៃឆ្នាំ២០២៣នេះ Toyota អាចរកប្រាក់ចំណេញពីអាជីវកម្មបានរហូតដល់ ៩,៥ពាន់លានដុល្លារ ជាការកើនឡើង ១៥៥,៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្រុមហ៊ុននិយាយថា ជោគជ័យនេះគឺមានការចូលរួមចំណែកធំពីរថយន្ត Hybrid ដែលមានតម្រូវការច្រើន។
រថយន្តប្រើថាមពលអគ្គិសនីរបស់ Toyota ដែលភាគច្រើនគឺជារថយន្ត Hybrid និងរថយន្ត PHEV គឺមានចំណែករហូតដល់ ៣៦,៤% នៃចំនួនលក់សកលកាលពីត្រីមាសទីបី ជាការកើនឡើង ២៧,៣% ធៀបនឹងឆ្នាំ២០២២។
ក្នុងខែកញ្ញា ម៉ាកសញ្ញារថយន្ត Toyota តែឯង អាចលក់រថយន្តបានសរុប ៩២១ ៣០៨គ្រឿង កើនឡើង ១១,៦% ធៀបនឹងឆ្នាំ២០២២ ខណៈដែលម៉ាក Daihatsu ក៏កើនឡើងការលក់ ២,៤% ជាមួយចំនួនលក់ ៧១ ៣៥០គ្រឿង ហើយចំនួនលក់សរុបនៃសម្ព័ន្ធ Toyota ទាំងមូលគឺមាន ១,០០៣លានគ្រឿង។
ក្នុងពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះ Toyota លក់រថយន្តនៅទូទាំងសកលលោកបានសរុប ៧,៥៧លានគ្រឿង កើនឡើង ៦,៧% ខណៈដែលការផលិតកើនឡើង ១០,១% ដោយផលិតបាន ៧,៤លានគ្រឿង៕