កាលពីឆ្នាំមុន Apple បានបញ្ចេញមុខងារថ្មី Emergency SOS លើ iPhone 14 គ្រប់ម៉ូឌែល ដោយអាចឱ្យ iPhone ភ្ជាប់ទៅកាន់ផ្កាយរណប និងរាយការណ៍ទៅភ្នាក់ងារសង្គ្រោះបន្ទាន់ ពេលទូរសព្ទមិនស្ថិតក្នុងទីមានសេវា ដូចជាតំបន់ព្រៃ ឬភ្នំជាដើម។
ចាប់តាំងពីពេលនោះមក មុខងារពិសេសនេះត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀតបានធ្វើការជាមួយ Google ដើម្បីនាំយកមុខងារស្រដៀងគ្នា សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ហើយ Samsung ទើបតែបានបញ្ជាក់ថា ខ្លួននឹងបន្ថែមមុខងារអាចភ្ជាប់ទៅកាន់ផ្កាយរណប។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងបានប្រកាសរួចហើយនូវផែនការរបស់ខ្លួន ក្នុងការនាំយកការតភ្ជាប់ផ្កាយរណបទៅកាន់ស្មាតហ្វូន។ ដោយនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Park Yong បានបញ្ជាក់ថ្មីៗនេះថា Samsung នឹងចាប់ផ្តើមផ្តល់ជូនការតភ្ជាប់ផ្កាយរណបសម្រាប់សេវាសង្គ្រោះបន្ទាន់ នៅលើស្មាតហ្វូនរបស់ខ្លួន ដែលចាប់ផ្តើមនៅដើមឆ្នាំ២០២៤។
ទោះបីជាព័ត៌មានលម្អិតមិនបញ្ជាក់ថាបំពាក់លើម៉ូឌែលណាពិតមែន ប៉ុន្ដែគេវិភាគឃើញថា គ្មានបំពាក់លើស្មាតហ្វូនណាក្រៅពី កំពូលម៉ឌែល Galaxy S24 ព្រោះថា Samsung ជាធម្មតាប្រកាសស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួន នៅក្នុងខែមករា ឬខែកុម្ភៈ។
មុខងារផ្កាយរណបដែលត្រៀមបំពាក់លើស្មាតហ្វូន Galaxy អាចថាពិសេសបន្តិច ត្បិតមិនត្រឹមផ្ញើសារទៅភ្នាក់ងារសង្គ្រោះបន្ទាន់ដូចទៅនឹង iPhone 14 នោះទេ វាថែមទាំងអាចផ្ញើសារទៅកាន់នរណាម្នាក់ផ្សេងទៀត មិនមែនត្រឹមតែសេវាកម្មសង្គ្រោះបន្ទាន់នោះទេ នៅពេលដែលទូរសព្ទមិនមានការភ្ជាប់បណ្តាញទូរសព្ទ៕