[ទីផ្សារបរទេស] រថយន្តអគ្គិសនី Hyundai Ioniq 6 ស៊េរីឆ្នាំ២០២៤ ដែលនឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិក នឹងមានការបន្ថយតម្លៃរហូតដល់ ៤ ១០០ដុល្លារ ឬ ១០% ធៀបនឹងស៊េរីឆ្នាំ២០២៣។
បូកទាំងថ្លៃដឹកជញ្ជូន រថយន្ត Hyundai Ioniq 6 ស៊េរីឆ្នាំ២០២៤ មានតម្លៃចាប់ពី ៣៨ ៦១៥ដុល្លារ សម្រាប់ប្រភេទ SE Standard Range ដែលក្នុងនោះមានប្រព័ន្ធបើកបរវិលកង់ក្រោយ ជាមួយអាគុយ ៥៣kWh ដែលបើកបរបានចម្ងាយប្រមាណ ៣៨៦គ.ម។
សម្រាប់ប្រភេទអាគុយធំ ៧៧,៤kWh លើប្រភេទ SE Long Range មានតម្លៃចាប់ពី ៤៣ ៥៦៥ដុល្លារ ខណៈដែល SE Long Range AWD មានតម្លៃ ៤៧ ០៦៥ដុល្លារ ដែលប្រភេទទាំងពីរនេះ មានតម្លៃទាបស៊េរីឆ្នាំ២០២៣ ចំនួន ៣ ០៥០ដុល្លារ។
ដោយឡែក Hyundai Ioniq 6 SEL និង Limited មានការចុះថ្លៃ ២ ៤៥០ដុល្លារ ដូចៗគ្នា ដោយមានតម្លៃចាប់ពី ៤៣ ៥៦៥ដុល្លារ និងតម្លៃចាប់ពី ៥១ ២៦៥ដុល្លារ សម្រាប់ប្រភេទ RWD និងមានតម្លៃចាប់ពី ៤៩ ៨៩៥ដុល្លារ និងចាប់ពី ៥៤ ៧៦៥ដុល្លារ សម្រាប់ប្រភេទ AWD។
ការកាត់បន្ថយតម្លៃនេះ ត្រូវបាន Hyundai អះអាងថាគឺដោយសារតែសង្វាក់ផលិតកម្មមានប្រសិទ្ធិភាពជាងមុន និងមានទំហំធំជាងមុន ប៉ុន្តែគេសង្ស័យថាការទម្លាក់តម្លៃនេះគឺជាប់ទាក់ទងនឹងយុទ្ធសាស្ត្រទម្លាក់តម្លៃរបស់ Tesla កាលពីប៉ុន្មានខែចុងក្រោយនេះ៕