[ទីផ្សារបរទេស] ក្រុមហ៊ុន Rolls-Royce និងសាខានៅទីក្រុងឌុយបៃ សប្បាយរីករាយមិនស្ទើរនោះទេនៅពេលដែលបានប្រកាសចេញរថយន្តពិសេសមានតែមួយក្នុងលោក ឈ្មោះថា The Pearl Cullinan ដែលផលិតសម្រាប់អបអរដល់ថ្ងៃខួបកំណើតរបស់សមាជិកនៃគ្រួសាររបស់អតិថិជនខ្លួន។
វាគឺជារថយន្ត Cullinan ប្រភេទ Bespoke ដំបូង ដែលផលិតឡើងដោយមជ្ឈមមណ្ឌល Private Office Dubai ថ្មីរបស់ Rolls-Royce ដោយគេបានបង្កើតវាឡើងបានសម្រេច បន្ទាប់ពីសហការណ៍ជាមួយឈ្មួញចែកចាយរថយន្តក្នុងតំបន់។
The Pearl Cullinan គឺជាគម្រោងការដែលបានចាប់ផ្ដើមកាលពីដើមឆ្នាំ២០២២ ទទួលបានការកុម្ម៉ង់ពីអតិថិជនស្ម័គ្រស្មោះរបស់ Rolls-Royce ដែលចង់អបអរសាទរដល់ខួបកំណើតទី៩០ឆ្នាំរបស់ឪពុកខ្លួនឲ្យមានន័យជាទីបំផុត។ បុគ្គលិកជាន់ខ្ពស់នៃ Rolls-Royce បានជួបជាមួយបុរសជាឪពុក ដើម្បីបានដឹងអំពីរឿងរ៉ាវជីវិតរបស់លោក និងមហិច្ឆតារបស់លោកផងដែរ ហើយជំនួបនេះហើយគឺការបណ្ដុះគំនិតដល់គម្រោងការទាំងមូល។
រថយន្ត SUV ប្រណីតនេះ មានប្រើប្រាស់ទឹកថ្នាំលាបឈ្មោះថា Bespoke Pearl Rose finish ដែលទទួលបានការបំផុតគំនិតពីគ្រាប់ពេជ្រដ៏មានតម្លៃរបស់ម្ចាស់រថយន្ត។ ដើម្បីទទួលបានទឹកថ្នាំដ៏ល្អឥតខ្ចោះនេះ មិនមែនជារឿងងាយនោះទេ ព្រោះវាមានជាប់ពាក់ព័ន្ធនឹងការសាកល្បងប្រមាណ ៣០ដងឯណោះ ដោយការធ្វើតេស្តនីមួយៗធ្វើឡើងក្រោមព្រះអាទិត្យនៃមជ្ឈឹមបូព៌ាដើម្បីធានាថាវាចាំងពណ៌បានស្អាត។
រថយន្ត Cullinan គឺជារថយន្តមួយក្នុងឧស្សាហកម្មយានយន្តដែលទទួលបានប្រភេទពិសេសច្រើនជាងគេ ឬប្រភេទដែលមានតែមួយក្នុងលោក ដូចជារថយន្ត Cullinan Blue Shadow Edition ដែលទើបបង្ហាញចេញកាលពីខែឧសភា និងកាលពីខែធ្នូឆ្នាំកន្លងទៅ រថយន្តនេះបានបង្ហាញវត្តមានជាមួយរូបរាងពិសេសបែប Fashion៕