កាលពីខែកញ្ញាកន្លងទៅ មានរបាយការណ៍ពី DigiTime ថា Apple អាចចាប់ផ្តើមលក់ MacBook ដែលមានតម្លៃសមរម្យ នៅចុងឆ្នាំ២០២៤ ដែលខុសគ្នាពី MacBook Air និង MacBook Pro ដែល Apple មានស្រាប់។
ដំណឹងនេះដែរ ក៏ត្រូវបានអ្នកព្យាករណ៍ពីបច្ចេកវិទ្យាដ៏ល្បី លោក Ming-Chi Kuo យល់ស្របដែរ ត្បិតលោកជឿថា Apple អាចនឹងពិចារណាលើការផ្លាស់ប្តូរបែបនេះ ដើម្បីបង្កើនការនាំចេញ MacBook ដោយមានគោលដៅ ស្រវាយកទីផ្សារប្រមាណ ៨ ទៅ ១០លានគ្រឿង ក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍ដើមចេញពីតៃវ៉ាន់ MacBook ដែលមានតម្លៃទាបនេះ គឺ Apple នឹងផ្លាស់ប្ដូរការឌីហ្សាញខ្លះៗ ដូចជាអេក្រង់ខ្នាតតូច ត្រឹម ១២អ៊ិញ ប្ដូរសារធាតុលោហៈដែលជាអត្តសញ្ញាណកន្លងមក ជំនួសដោយសារធាតុផ្សេង។
គួរដឹងថា Apple មិនមែនមិនធ្លាប់ផលិតកុំព្យូទ័រតម្លៃទាបនោះទេ ត្បិតកាលពី ឆ្នាំ២០១៥ គេបានបញ្ចេញ MacBook ១២អ៊ិញ មានការរចនារូបរាងស្តើង និងស្រាល ដែលមានទម្ងន់ត្រឹមតែ ២ផោនប៉ុណ្ណោះ។ កុំព្យូទ័រនេះគ្មានកង្ហារ ប្រើរន្ធ USB-C និងក្ដារចុច Butterfly Keyboard។
ជាសំណាងអាក្រក់ ដោយសារតែ Apple ប្រើប្រាស់ត្រឹមបន្ទះឈីប Intel Core M ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ថា វាមានកម្លាំខ្សោយ ខណៈតម្លៃដល់ ១២៩៩ដុល្លារ។ ក្រោយមក នៅឆ្នាំ២០១៩ MacBook ១២អ៊ិញ ក៏ថយចេញពីទីផ្សារ៕