[ទីផ្សារបរទេស] ក្នុងពេលដែលអតិផរណាមានការកើនឡើង ក្រុមហ៊ុនលក់រថយន្តជាច្រើននៅសហរដ្ឋអាមេរិកបានដំឡើងថ្លៃរថយន្តរបស់ខ្លួនពេលចេញស៊េរីឆ្នាំថ្មី។ ដោយឡែក Lexus បែរជារក្សាតម្លៃរថយន្ត LX 600 ស៊េរីឆ្នាំ២០២៤ គ្មានខុសពីស៊េរីឆ្នាំ២០២៣ បន្តិចឡើយ។
ជាក់ស្ដែង LX 600 ឆ្នាំ២០២៤ មានតម្លៃចាប់ផ្ដើមពី ៨៩ ១៦៥ដុល្លារ ដូចគ្នាទៅនឹងស៊េរីឆ្នាំមុនបេះដាក់ ហើយប្រភេទថ្លៃបំផុតឈ្មោះថា LX 600 Ultra Luxury ក៏រក្សាតម្លៃចាស់ដែរ គឺចាប់ពី ១២៩ ២៥៥ដុល្លារ ដោយជាមួយស៊េរី២០២៤ មានបន្ថែមបច្ចេកវិទ្យាមួយចំនួន ផ្ដល់ភាពងាយស្រួលជាងមុនសម្រាប់អ្នកដំណើរខាងក្រោយ។
LX 600 ឆ្នាំ២០២៤ មានប្រើប្រាស់ម៉ាស៊ីនដដែល គឺជាម៉ាស៊ីន Twin-Turbocharged V6 ចំណុះ ៣,៤លីត្រ អាចផលិតកម្លាំងបាន ៤០៩សេះ ដោយកម្លាំងនេះអាចឲ្យ SUV ខ្នាតធំនេះ បើកបរលើផ្លូវពិបាកបានយ៉ាងងាយនៅពេលដែលចាំបាច់។ ម៉ាស៊ីននេះភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ ផងដែរ។
នៅខាងក្នុង LX 600 ស៊េរីថ្មី បន្តប្រើប្រាស់អេក្រង់កម្សាន្ត ១២,៣អ៊ីញ ភ្ជាប់ជាមួយអេក្រង់ទំហំ ៧អ៊ីញ មួយទៀតនៅផ្នែកខាងក្រោមវា។ ដោយមានមុខងារបញ្ជាដោយសម្លេង Lexus អះអាងថា ប្រព័ន្ធកម្សាន្តអាចបញ្ជាបានដោយអ្នកបើកបរមិនបាច់ងាកចេញពីផ្លូវ ឬយកដៃប៉ះអ្វីឡើយ។
LX 600 ឆ្នាំ២០២៤ នឹងមានលក់លើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២៣នេះ៕