[ទីផ្សារបរទេស] ថ្មីៗនេះ ការស្រាវជ្រាវរបសើក្រុមស្រាវជ្រាវ Recurrent Auto ដែលបានធ្វើការស្ទង់មតិជាមួយរថយន្ត Tesla Model 3 ជាង ៦ ៣០០គ្រឿង នៅសហរដ្ឋអាមេរិក បង្ហាញថាអាគុយរបស់រថយន្ត Model 3 នៅមានសមត្ថភាពកាន់ថាមពលបានប្រមាណ ៩០% បន្ទាប់ពីប្រើបាន ៥ឆ្នាំ។
យ៉ាងណាក្ដី មានម្ចាស់រថយន្ត Tesla Model 3 ម្នាក់ ដែលជា YouTuber ឈ្មោះ Andy Slye នៅមានអាគុយរថយន្តដែលអាចកាន់ថាមពលបានដល់ ៩៥% បន្ទាប់ពីប្រើប្រាស់ជាប់រយៈពេល៥ឆ្នាំ។ បច្ចុប្បន្ន រថយន្តដែលរូបគេប្រើ គឺមានចម្ងាយបើកបរ ២១៧ ២៦០គ.ម ប៉ុន្តែមិនមានសញ្ញាថាអាគុយអន់ថយឡើយ។
YouTuber រូបនេះ បានចែករំលែកអាថ៌កំបាំងពីរ ដើម្បីជួយរក្សាសុខភាពអាគុយរថយន្ត ដោយទីមួយគឺរូបគេប្រើប្រាស់តែដុំសាកភ្លើងធម្មតា មិនសូវជាប្រើប្រាស់ដុំសាកល្បឿនលឿនឡើយ ទោះបីជារូបគេអាចសាកភ្លើងបានចម្ងាយ ៣,២លានគីឡូម៉ែត្រ ដោយមិនអស់លុយនៅស្ថានីយសាកភ្លើងលឿនរបស់ Tesla ក្ដី។
អាថ៌កំបាំងទីពីរនោះគឺថា Andy Slye តែងតែសាកបញ្ចូលភ្លើងត្រឹមតែ ៨០% ប៉ុណ្ណោះ មិនដល់ពេញ ១០០% ឡើយ ព្រោះថាការមិនសាកពេញបែបនេះគឺជួយបន្តអាយុអាគុយបានកាន់តែយូរអង្វែង។ នេះគឺជាការណែនាំមួយ ដែលស្ថាប័នស្រាវជ្រាវភាគច្រើនបានលើកឡើង៕