[ទីផ្សារបរទេស] រថយន្ត Toyota Camry Hybrid ត្រូវបានផ្អាកលក់ជាបណ្ដោះអាសន្ននៅលើទឹកដីអូស្ត្រាលី បន្ទាប់ពីក្រុមហ៊ុន Toyota មិនអាចផ្គត់ផ្គង់តាមតម្រូវការដែលកំពុងតែមានការកើនឡើងខ្លាំង។
ការប្រកាសរបស់ Toyota ប្រចាំប្រទេសអូស្ត្រាលីបានលើកឡើងបែបនេះថា ៖ “Toyota Australia បានផ្អាកលែងទទួលការកុម្ម៉ង់ទិញសម្រាប់រថយន្ត Camry Hybrid ដោយសារតែតម្រូវការច្រើនលើសលប់ ដោយឃើញថា ៩០% នៃអតិថិជនគឺបានជ្រើសយកម៉ូដែលប្រើសាំងលាយនឹងអគ្គិសនីនេះ។”
Toyota នៅអូស្ត្រាលីបន្ថែមទៀតថា ត្បិតតែ Toyota បានបង្កើតទំហំផ្គត់ផ្គង់តាំងពីខែឧសភាលើគ្រប់រថយន្ត Toyota ថ្មីៗទាំងអស់ រួមទាំង Camry Hybrid ផងដែរនោះ ដោយសារតែចំនួនកុម្ម៉ង់ច្រើនក្រៃលែងសម្រាប់ម៉ូដែលសន្សំសំចៃប្រេងនេះ ធ្វើឲ្យរយៈពេលនៃការរង់ចាំរបស់អតិថិជនកើនដល់លើសពីរឆ្នាំឯណោះ។
ពេល Toyota Camry ថ្មីប្រកាសចេញលក់នៅអូស្ត្រាលីកាលពី៥ឆ្នាំមុន ក្រុមហ៊ុនបានព្យាករណ៍ថាចំនួនលក់រវាងម៉ូដែលប្រើសាំងសុទ្ធ និងម៉ូដែល Hybrid នឹងមានចំណែកម្នាក់ ៥០% ប៉ុន្តែពេលនេះ Hybrid បានក្ដោបចំនួនលក់បានដល់ ៩០% ឯណោះ។
គួរដឹងថា បច្ចេកវិទ្យា Hybrid របស់ Toyota បានជួយកាត់បន្ថយការចំណាយលើថ្លៃប្រេងបានដល់ពាក់កណ្ដាលឯណោះ ដោយការចំណាយប្រេងជាមធ្យមលើចម្ងាយ ១០០គ.ម គឺអស់មិនដល់ ៥លីត្រ ឡើយ ខណៈដែលប្រព័ន្ធ Hybrid របស់ក្រុមហ៊ុនដទៃ មិនសូវជាសន្សំសំចៃបានល្អដូច Toyota ឡើយ៕