ក្រុមហ៊ុនជប៉ុនចំនួន ២២ បន្ថែមទៀតបានចុះបញ្ជីប្រទេសវៀតណាម ជាទិសដៅវិនិយោគបន្ទាប់របស់ពួកគេ ក្រោមគ្រោងការណ៍ដែលរដ្ឋាភិបាលជប៉ុននឹងផ្តល់មូលនិធិផ្លាស់ប្តូរផលិតកម្មពីប្រទេសចិន។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បាននិយាយនៅក្នុងសន្និសីទមួយ រវាងក្រុមហ៊ុនជប៉ុន និងវៀតណាមថា ជាមួយនឹងការបន្ថែមចុងក្រោយបំផុត ក្រុមហ៊ុនចំនួន ៣៧ ក្នុងចំណោម ៨១ ដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិន និងបង្កើតរោងចក្រនៅទីផ្សារអាស៊ីអាគ្នេយ៍ បានជ្រើសរើសប្រទេសវៀតណាម។
គួរឲ្យដឹងថា កាលពីខែកក្កដា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានចេញផ្សាយបញ្ជីផ្លូវការនៃក្រុមហ៊ុនជប៉ុនចំនួន ១៥ ដែលបានជ្រើសរើសផ្លាស់ទៅប្រទេសវៀតណាម។ ភាគច្រើននៃក្រុមហ៊ុនទាំងនេះ ផលិតឧបករណ៍វេជ្ជសាស្រ្ត ខណៈសេសសល់ប៉ុន្មានទៀត ផលិតឧបករណ៍អេឡិចត្រូនិក, គ្រឿងបន្លាស់ទូរស័ព្ទ, ម៉ាស៊ីនត្រជាក់ ឬម៉ូឌុលថាមពល (power modules)។
លោក Yamada បានបន្ថែមថា ខណៈដែលសេដ្ឋកិច្ចនៅជុំវិញពិភពលោកកំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ ប្រទេសវៀតណាមឯណេះវិញបានទទួលជោគជ័យ ក្នុងការទប់ស្កាត់វា និងជាប្រទេសមួយដែលមានការកើនឡើងសេដ្ឋកិច្ច នៅឆ្នាំ ២០២០ ប្រមាណជា ២,៤៨ ភាគរយ។
ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២០ នេះ តម្លៃនាំចេញសរុបរបស់វៀតណាម ឈានដល់ ៤៨៩ ពាន់លានដុល្លារ កើនឡើង ៣,៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន៕