ក្រសួងពាណិជ្ជកម្មបាននិងសហការជាមួយដៃគូគូអភិវឌ្ឍន៍និងដៃគូពាក់ព័ន្ធក្នុងការត្រៀមរៀបចំទិវាស្វាយចន្ទី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី២ នាខែធ្នូ ឆ្នាំ ២០២៣ ក្នុងគោលបំណងប្រមូលតួរអង្គ ពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី រៀបចំការដាក់តាំងបង្ហាញ ប្រកួតប្រជែងគុណភាព ស្នាដៃផលិតផលនិង ការកែច្នៃសំដៅលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា។ ការរៀបចំពិធីនេះគឺអនុលោមទៅតាមផែនការសកម្មភាព នៅក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២ ដល់ ២០២៧។
សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីជួយរៀបចំតាមការចាត់ចែងរបស់ ក្រសួងពាណិជ្ជកម្ម។ វិស័យស្វាយចន្ទី ជាវិស័យមួយដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចាត់ទុក ជាវិស័យនាំមុខទី៣ បន្ទាប់ពីស្រូវនិងដំឡូងមី ដែលនាំចំណូលចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណា ៩៥% នៃគ្រាប់ស្វាយចន្ទីឆៅ ត្រូវបាននាំចេញទៅប្រទេសវៀតណាម ដែលធ្វើឱ្យកម្ពុជា បាត់តម្លៃបន្ថែមដល់កសិករ និងមិនអាចបង្កើតការងារជូនពលករក្នុងសហគមន៍។ អាស្រ័យហេតុនេះទើប ក្រសួងពាក់ព័ន្ធរៀបចំជាគោលនយោបាយជាតិស្តីពីស្វាយចន្ទីដើម្បីជួយលើកតម្កើងវិស័យមួយនេះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គោលនយោបាយនេះមានគោលដៅ សំខាន់ចំនួនបី គឺដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់និងពិភពលោក។
១. លើកកម្ពស់ទិន្នផលនៃការផលិតនិងផលិតកម្ម ប្រកបទៅដោយគុណភាពប្រកួតប្រជែង
២. ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងកែច្នៃអនុផលស្វាយចន្ទី អោយសម្រេចបានដល់ ២៥% នៅឆ្នាំ ២០២៧ និងយ៉ាងតិច ៥០% នៅឆ្នាំ ២០៣២
៣. ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ ។
តាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជាផ្ទៃដាំដុះស្វាយចន្ទីមាន ៦៥២ ៥៣៨ ហិកតា (ការសនិដ្ឋាននៃការដាំថ្មីបន្ថែមប្រហែល ៤០ ០០០ ហិកតាទៀត)។
- ចំណែកផលិតកម្មស្វាយចន្ទី ៩ខែ ឆ្នាំ២០២៣ (មករា-កញ្ញា ២០២៣)
កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៦៣៩.០០០ តោន (៦សែន ៣ម៉ឺន ៩ពាន់តោន)
ក្នុងនោះនាំចេញទៅវៀតណាម បានសរុប៖
៦១៣ ២០០ តោន (៦សែន ១ម៉ឺន៣ពាន់ ២រយតោន) ស្មើទឹកប្រាក់ ៨២៩ លានដុល្លា ថយចុះ ១៦,៣% បើធៀបរយៈកាលដូចគ្នា ទៅនឹងឆ្នាំ ២០២២។ តម្លៃមធ្យមគ្រាប់ស្ងួត ១ ៦៥៨ ដុល្លារ (មួយពាន់ប្រាំមួយរយហាសិបប្រាំបីដុល្លា) ក្នុង១តោន។ ខែកញ្ញាគ្រាប់ស្ងួតតម្លៃ ៧០០០៛-៧៥០០៛ ក្នុង១គីឡូក្រាម ឬ ១៩០០ ដុល្លារក្នុង១តោន ៕