[ក្នុងស្រុក] ដោយសារមានបញ្ហាសង្គ្រាមនៅអ៊ុយគ្រែន និងវិបត្តិសេដ្ឋកិច្ចសាកល ធ្វើឱ្យតម្រូវការបញ្ជារទិញទំនិញ កម្ពុជាពីបរទេស មានការធ្លាក់ចុះ។ បើយោងទៅតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា នៅ៩ខែ ឆ្នាំ២០២៣ ការនាំចេញទំនិញមួយចំនួនមានការធ្លាក់ចុះ ជាពិសេសទំនិញវាយនភ័ណ្ឌ។ ការនាំចេញសម្លៀកបំពាក់ទទួលបានទឹកប្រាក់ ៥ ៩២៩លានដុល្លារ ធ្លាក់ចុះ ១៧% ចំណែកឯការនាំចេញ ស្បែកជើងទទួលបានទឹកប្រាក់ ៩៩១លានដុល្លារ ធ្លាក់ចុះ ២៥% ការនាំចេញកាបូប ១ ២២៣លានដុល្លារ ធ្លាក់ចុះ ១៣% និងការនាំចេញមានការធ្លាក់ចុះច្រើនជាងគេគិតជាទឹកប្រាក់ ៤២៤លានដុល្លារ ធ្លាក់ចុះ ៤២,៨៥%។ ទោះយ៉ាងនេះក្តី ការនាំចេញកសិផលមួយចំនួនមានការកើនឡើងដោយសារវិបត្តិស្បៀង អាហារសាកល ដូចជាស្រូវអង្ករ ទទួលបានទឹកប្រាក់ ១ ១៨៩លានដុល្លារ មានការកើនឡើង ចំណែកឯដំណាំឧស្សាហកម្មកៅស៊ូមានការនាំចេញទទួលទឹកប្រាក់ ២៧៣លានដុល្លារ កើនឡើង ៣%។ ទោះយ៉ាងណាការនាំចេញគ្រាប់ស្វយចន្ទីឆៅមានការធ្លាក់ចុះ គឺទទួលបានទឹកប្រាក់ ៨២៩លានដុល្លារ ធ្លាក់ចុះ ១៦,៣%។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះប្រមាណជាង ១៦%នេះ ព្រោះដោយសារទី១ កសិករបានកាប់ស្វាយចន្ទីមួយចំនួនចោល ដោយសារមូលហេតុប្រែប្រួលអាកាសធាតុធ្វើឱ្យគាត់ពិបាកក្នុងការថែទាំ និងទី២ ការប្រជែងទិញរបស់សហគ្រាសក្នុងស្រុក ថ្វីត្បិតតែសហគ្រាសក្នុងស្រុករបស់យើងមានទុនបង្វិលទាបពិតមែន ប៉ុន្តែយើងហាក់ដូចជាមានការងើបឡើង ក្រោយពីមានគោលនយោបាយជាតិស្តីពីស្វាយចន្ទី ធ្វើឱ្យសហគ្រាសក្នុងស្រុកដណ្តើមទិញពីការនាំចេញទៅក្រៅប្រទេស។
សមាគមស្វាយចន្ទីកម្ពុជា កំពុងបញ្ជ្រាបការផ្សព្វផ្សាយអំពីសក្ដានុពលស្វាយចន្ទីកម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការចូលរួមតាំងពិព័រណ៍ និងជំនួបធុរកិច្ចនានា។ ការធ្វើបែបនេះមានគោលបំណងស្វែងរកទីផ្សារថ្មីៗក្រៅពីវៀតណាម ដើម្បីបង្កើតរោងចក្រកែច្នៃនៅកម្ពុជា។ ដោយសារតែគ្រាប់ស្វាយចន្ទីឆៅស្ទើរតែ ៩៥ភាគរយទៅហើយត្រូវបាននាំចេញទៅវៀតណាមដើម្បីកែច្នៃបន្ត។ ការលក់ឱ្យវៀតណាមតែមួយមុខ បានធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងប្រទេស ដូច្នេះទាមទារឱ្យមានការបង្កើតរោងចក្រកែច្នៃក្នុងស្រុកដោយខ្លួនឯង៕