ក្រុមហ៊ុន Facebook Inc បានប្រកាសចេញវ៉ែនតាវៃឆ្លាតដំបូងបង្អស់របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលជាការឈានជើងទៅមុខក្នុងគោលបំណង ផ្តល់នូវបទពិសោធន៍ AR យ៉ាងពិតប្រាកដ។
វ៉ែនតា ដែលចូលរួមសហការណ៍ផលិតជាមួយនឹងក្រុមហ៊ុន EssilorLuxottica នេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្តាប់ចម្រៀង, លើកទូរសព្ទ, ថតរូប និងវីដេអូ ហើយ Share ពួកវានៅលើគ្រប់សេវាកម្មរបស់ Facebook ដូចជា Facebook, Instagram, WhatsApp, Messenger, Twitter, TikTok និង Snapchat។
វ៉ែនតារបស់ Facebook នេះមានឈ្មោះថា Ray-Ban Stories ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៩៩ដុល្លារ នៅលើទីផ្សារបរទេស។
វ៉ែនតានេះបំពាក់សែនស័រកាមេរ៉ាទំហំ 5MP អាចថតរូប និងថតវីដេអូ ៣០វិនាទី ដោយចុងប៊ូតុង ឬតាមរយៈមុខងារ Facebook Assistant។ វាបំពាក់ឧបករណ៍បំពងសំឡេងនៅជាប់ដងវ៉ែនតា សម្រាប់ការស្តាប់ចម្រៀង ហើយក៏ Microphone ចំនួន ៣គ្រាប់ សម្រាប់ការនិយាយូទរសព្ទ។
Ray-Ban Stories បំពាក់ថ្មដែលអាចស៊ូបាន ៦ម៉ោង និងមានប្រអប់សាក ដែល Facebook អះអាងថា អាចឲ្យវ៉ែនតាប្រើបានដល់ទៅ ៣ថ្ងៃជាប់គ្នា៕