[ទីផ្សារបរទេស] ក្នុងយុគសម័យរថយន្តអគ្គិសនី ក្រុមហ៊ុនរថយន្តភាគច្រើនបានផ្អាក ឬកាត់បន្ថយការអភិវឌ្ឍន៍ម៉ាស៊ីនពីស្តុង។ តទៅនេះ មកតាមដានអំពីម៉ាស៊ីនទំហំធំបំផុត ដែលក្រុមហ៊ុនរថយន្តចំនួន១០ធ្លាប់បានផលិត ៖
១. Honda ចំណុះ ៣,៩លីត្រ
ក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៣ ក្រុមហ៊ុន Honda បានបង្ហាញចេញរថយន្តម៉ូដែល Crossroad សម្រាប់ទីផ្សារប្រទេសជប៉ុន ជារថយន្តម៉ាស៊ីន V8 ដំបូងគេរបស់ Honda និងជារថយន្តទំហំធំជាងគេដែលមានចំណុះដល់ ៣៩៤៦សេសេ។
២. Nissan ចំណុះ ៥,៦លីត្រ
រថយន្ត Nissan ដែលមានម៉ាស៊ីនធំជាងគេគឺមានចំណុះ ៥៥៥២សេសេ ៨ស៊ីឡាំង ជាម៉ាស៊ីនរបស់ក្រុមហ៊ុន Infiniti និងបានប្រើប្រាស់លើរថយន្ត Titan, Armada, Patrol និងរថយន្ត Pathfinder រួមទាំងលើរថយន្តរបស់ក្រុមហ៊ុនដទៃផងដែរ។
៣. Lexus ចំណុះ ៥,៧លីត្រ
រថយន្ត Lexus LX ជំនាន់ទីបី និងរថយន្ត Toyota Land Cruiser សុទ្ធតែមានប្រើប្រាស់ម៉ាស៊ីន ៨ស៊ីឡាំង ចំណុះ ៥៦៦២សេសេ ជាម៉ាស៊ីនទំហំធំជាងគេសម្រាប់ម៉ាករថយន្តទាំងពីរ ហើយម៉ាស៊ីននេះក៏បានប្រើលើរថយន្ត Sequoia និងរថយន្ត Tundra ផងដែរ។
៤. Volkswagen ចំណុះ ៦,០លីត្រ
ត្បិតថា Volkswagen Group ជាសម្ព័ន្ធដែលរ៉ាប់រងលើការផលិតម៉ាស៊ីនធំៗ ប៉ុន្តែម៉ាស៊ីនធំជាងគេដែលធ្លាប់ប្រើលើរថយន្តម៉ាក Volkswagen គឺមានចំណុះ ៥៩៩៨សេសេ ជាម៉ាស៊ីន ១២ស៊ីឡាំង តែមួយគត់ដែលផលិតសម្រាប់បើកបរលើដងផ្លូវទូទៅ។
៥. Audi ចំណុះ ៦,៣លីត្រ
ម៉ាស៊ីន ១២ស៊ីឡាំង ដែលបានលើកឡើងមុននេះបន្តិចសម្រាប់ម៉ាក Volkswagen ក៏ត្រូវបានប្រើលើរថយន្ត Audi A8 ផងដែរ ហើយនៅលើ Audi A8L ជំនាន់ទីបី ម៉ាស៊ីននេះបានបង្កើនទំហំដល់ ៦២៩៩សេសេ ឯណោះ។
៦. Ferrari ចំណុះ ៦,៥លីត្រ
ម៉ាស៊ីន១២ស៊ីឡាំង ម៉ូដែល F140 របស់ Ferrari បានប្រើជាលើកដំបូងលើរថយន្ត Enzo ក្នុងឆ្នាំ២០០២ ដោយពេលនោះវាមានចំណុះ ៦,០លីត្រ ហើយកន្លងមកវាបានឆ្លងកាត់ការកែកុនជាច្រើនលើក រហូតកើនចំណុះដល់ ៦៤៩៦សេសេ។ ម៉ាស៊ីននេះបានប្រើលើរថយន្ត 812, SP1, SP2 roadsters, Daytona SP3 និងរថយន្ត Purosangue ផងដែរ។
៧. Lamborghini ចំណុះ ៦,៥លីត្រ
ម៉ាស៊ីន១២ស៊ីឡាំងដំបូងរបស់ Lamborghini បានចេញក្នុងឆ្នាំ១៩៦៤ ដែលពេលនោះវាមានចំណុះ ៣,៥លីត្រ ប៉ុន្តែបច្ចុប្បន្ននេះវាបានកើនឡើងចំណុះដល់ ៦,៥លីត្រ។
៨. BMW ចំណុះ ៦,៧៥លីត្រ
ម៉ាស៊ីន៨ស៊ីឡាំង ម៉ូដែល L-Series បានប្រើលើរថយន្ត Rolls-Royce ជាច្រើនម៉ូដែល ដោយវាមានចំណុះ ៦,៧៥លីត្រ។ នៅពេលដែលម្ចាស់ BMW ថ្មី ជំនួសម៉ាស៊ីននេះដោយម៉ាស៊ីន ១២ស៊ីឡាំង នៅក្នុងឆ្នាំ២០០៣ គេបានរក្សាចំណុះដដែលនៅត្រឹម ៦៧៤៩សេះ។
៩. Ford ចំណុះ ៧,៥លីត្រ
ម៉ាស៊ីនម៉ូដែល 385 របស់ Ford គឺជាម៉ាស៊ីនធំមួយ ជាប្រភេទ៨ស៊ីឡាំង ដោយវាបានចាប់ផលិតតាំងពីចុងទសវត្សឆ្នាំ១៩៦០ ក្នុងទំហំជាច្រើន ហើយប្រភេទដែលធំជាងគេមានឈ្មោះថា 460 ដែលមានចំណុះ ៧,៥លីត្រ ឯណោះ។
១០. Bugatti ចំណុះ ១២,៨លីត្រ
ម៉ាស៊ីនចំណុះ ៨,០លីត្រ បានក្លាយជាស្តង់ដារមួយរបស់ Bugatti ក្នុងសតវត្សទី២១នេះ ប៉ុន្តែពីកាលពីទសវត្សឆ្នាំ១៩៣០ ក្រុមហ៊ុន Bugatti ធ្លាប់បង្កើតម៉ាស៊ីនឈ្មោះថា Type 41 ជាម៉ាស៊ីន ៨ស៊ីឡាំង មានចំណុះដល់ ១២,៨លីត្រ៕