iPhone 15 លក់មិនសូវដាច់ខ្លាំងដូច iPhone 14 នោះនៅក្នុងប្រទេសចិន នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកវិភាគថ្មីដែលបានបង្ហាញតាមរយៈ Bloomberg។
របាយការណ៍បានបង្ហាញពីការធ្លាក់ចុះនៃការលក់ iPhone 15 ក្នុងរយៈពេល 17 ថ្ងៃដំបូង នៃការដាក់លក់ បើធៀបនឹងរយៈពេលដូចគ្នាសម្រាប់ iPhone 14 កាលពីឆ្នាំមុន។ អ្នកវិភាគប៉ាន់ប្រមាណថា ការលក់មានការធ្លាក់ចុះ 4.5%។ ការធ្លាក់ចុះនេះត្រូវបានសន្មតថា តម្រូវការរបស់អ្នកប្រើប្រាស់ថមថយ និងការប្រកួតប្រជែងខ្លាំងពីគូប្រជែងក្នុងស្រុក ដូចជា Huawei ជាដើម ខណៈក្រុមហ៊ុននេះ ទើបបញ្ចេញស្មាតហ្វូនរបស់ខ្លួន Huawei Mate 60 Pro មុន Apple ប្រកាសចេញ iPhone 15 កន្លះខែផងដែរ។
អ្នកវិភាគស្រាវជ្រាវនៅធនាគារវិនិយោគ Jefferies បង្ហាញថា Huawei បានយកឈ្នះ Apple រហូតក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលលក់ដាច់បំផុតនៅក្នុងតំបន់ ហើយជឿថានិន្នាការនេះ នឹងបន្តរហូតដល់ឆ្នាំ 2024 ថែមទៀត។
យ៉ាងណា នេះគ្រាន់តែជាការព្យាករណ៍ទុកមុន យើងនឹងរង់ចាំមើលលទ្ធផលជាក់ស្ដែងបន្ថែមពី Apple ដោយនឹងមានការរាយការណ៍ជាសាធារណៈពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួននា ខែវិច្ឆិកា។ ហើយការលក់ថមថយនេះ ក៏មិនមែនជាដំណឹងអាក្រក់ទាំងអស់នោះដែរ ត្បិតនៅទឹកដីកំណើត នាសហរដ្ឋអាមេរិច ហាក់ដូចជាមានចំនួនលក់ខ្លាំងជាង៕