[ទីផ្សារបរទេស] ដោយចង់បញ្ជាក់អំពីសុវត្ថិភាពនៃរថយន្តអគ្គិសនីត្រកូល EQ ថ្មីរបស់ខ្លួន Mercedes បានយករថយន្ត EQA និងរថយន្ត EQS SUV ឲ្យសាកបើកបុកគ្នា ដោយកំណត់ល្បឿនក្នុងកម្រិតមួយដែលគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាឧស្សាហ៍កើតមាននៅអាមេរិក។
រថយន្ត EQA និងរថយន្ត EQS SUV បានដាក់ឲ្យបើកនៅល្បឿន ៥៦គ.ម/ម៉ ដោយបើកប៉ះគ្នាម្នាក់ពាក់កណ្ដាល ដើម្បីបង្កើតជាស្ថានភាពគ្រោះថ្នាក់ដែលកើតឡើងនៅពេលវ៉ាជែង ហើយល្បឿនគឺបានកំណត់ដោយគេសន្និដ្ឋានថារថយន្តទាំងពីរអាចនឹងមានការជាន់ហ្វ្រាំងមុនឈានដល់ការបុកគ្នា។
ជាលទ្ធផលឃើញថា គ្រោះថ្នាក់នេះបានធ្វើឲ្យផ្នែកខាងមុខនៃរថយន្តអគ្គិសនីទាំងពីររងការខូចខាតយ៉ាងដំណំ។ យ៉ាងណាក្ដី វិស្វករ Mercedes និយាយថាការដែលផ្នែកខាងមុខរងការខូចខាតដោយរួញចូលក្នុងបែបនេះ គឺក្នុងគោលបំណងការពារអ្នកដំណើរ និងការពារអាគុយរថយន្ត។
Mercedes និយាយថាតុក្កតាដែលប្រើប្រាស់ក្នុងការធ្វើតេស្តនេះមានចំនួនបួនគឺតំណាងឲ្យអ្នកដំណើរភេទស្រី និងមួយទៀតគឺតំណាងឲ្យអ្នកដំណើរប្រុស ដោយក្រោយបុកគ្នា តុក្កតាទាំងប្រាំនេះសុទ្ធតែបង្ហាញអំពីហានិភ័យទាបនៃការរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ទន្ទឹមនឹងនោះដែរ ប្រព័ន្ធសុវត្ថិភាព Mercedes ក៏ដំណើរការផងដែរ ដោយវាអាចការពារអាគុយ និងអាចការពារប្រព័ន្ធរថយន្តទាំងមូលតែម្ដង ហើយដើម្បីផលិតបានអាគុយដែលមានសុវត្ថិភាពបែបនេះ Mercedes បានប្រើប្រាស់យុទ្ធសាស្ត្រជាច្រើន។ ប្រព័ន្ធអាគុយដែលមានតង់ស្យុងកម្រិតខ្ពស់របស់រថយន្តនេះនឹងធ្វើការបិទដោយស្វ័យប្រវត្តិនៅពេលដែលវាចាប់បានថាមានការបុកប៉ះខ្លាំង ដើម្បីធានាថារថយន្តនឹងមានសុវត្ថិភាព។
ជាមួយការធ្វើតេស្តនេះ Mercedes បានប្រើប្រាស់វាដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយថ្មី ដើម្បីបញ្ជាក់ឲ្យអតិថិជនឃើញថារថយន្តអគ្គិសនីរបស់ខ្លួនគឺអាចផ្ដល់សុវត្ថិភាពបានខ្ពស់ជាងការធ្វើតេស្តរបស់ស្ថាប័នដែលជំនាញខាងធ្វើតេស្តទៅទៀត៕