[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Ferrari កាលពីថ្មីៗនេះបានប្រកាសពីការសម្រេចចិត្តទទួលយកការទូទាត់ប្រាក់ជាមួយរូបិយបណ្ណ័អេឡិចត្រូនិកសម្រាប់រថយន្តស្ព័ររបស់ខ្លួនក្នុងសហរដ្ឋអាមេរិក និងមានគម្រោងការអនុវត្តន៍វានៅតំបន់អឺរ៉ុបផងដែរ។
លោក Enrico Galliera នាយកទីផ្សារ និងពាណិជ្ជកម្មរបស់ Ferrari បានបញ្ជាក់ថាការសម្រេចចិត្តបែបនេះគឺដើម្បីឆ្លើយតបនឹងអតិថិជនវ័យក្មេងដែលសាងទ្រព្យសម្បត្តិតាមរយៈរូបិយបណ្ណ័អេឡិចត្រូនិក។
នេះអាចជាការសម្រេចដ៏ប្រថុយប្រថានមួយសម្រាប់ Ferrari ព្រោះថាមានក្រុមហ៊ុនរថយន្តជាច្រើនមិនហ៊ានទទួលយកការទូទាត់ប្រភេទនេះឡើយ ព្រោះថាតម្លៃរបស់រូបិយបណ្ណ័អេឡិចត្រូនិកដូចជា Bitcoin ជាដើម មានការប្រែប្រួលលឿនខ្លាំងបំផុត។
ខណៈដែលចំនួនលក់ដែល Ferrari រំពឹងទទួលបានតាមរយៈការទូទាត់ប្រភេទនេះមិនត្រូវបានបង្ហាញ ប៉ុន្តែ Ferrari ទទួលបានការកុម្ម៉ង់ច្រើនលើសលប់ដោយការកុម្ម៉ង់គឺពេញរហូតដល់ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ Automotive News reports។
គួរដឹងថា Ferrari មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលទទួលយកការទូទាត់ជាមួយរូបិយបណ្ណ័អេឡិចត្រូនិកនោះទេ ដោយក្នុងនោះមានក្រុមហ៊ុនលក់រាយអនឡាញ Overstock, ក្រុមហ៊ុនកក់ការធ្វើដំណើរ Exepdia និងសេវាកម្មទូទាត់ BitPay ជាដើម សុទ្ធតែបើកឲ្យអតិថិជនទូទាត់ជាមួយរូបិយបណ្ណ័អេឡិចត្រូនិក៕