អ្នកបើកបររថយន្តមួយចំនួន ច្រើនតែបើកទ្វារឡានហើយបញ្ឆេះម៉ាស៊ីនចេញដំណើរតែម្តង ដោយមិនបានត្រួតពិនិត្យរថយន្តឲ្យគ្រប់ជ្រុងជ្រោយជាមុនឡើយ។ បើតាមការលើកឡើងរបស់អ្នកជំនាញ មុនចេញដំណើរ អ្នកបើកបរទាំងអស់ត្រូវធ្វើរឿងសាមញ្ញៗមួយចំនួន។
១. ពិនិត្យមើលកង់ និងជុំវិញរថយន្ត ៖ ធ្វើបែបនេះគឺដើម្បីឱ្យអ្នកបើកបរដឹងថា តើខ្ចៅបាឡុងកង់ទាំងអស់គ្រប់និងមិនធូរ ហើយកង់មានធូរឬបញ្ហាត្រង់ណាខ្លះ។ ម្យ៉ាងទៀតក៏អាចឱ្យអ្នកបើកបរដឹងថា តើមានវត្ថុឬអ្វីមួយនៅក្បែរឡានដែរឬអត់ ដើម្បីកុំឱ្យមានបញ្ហាពេលបើកចេញដំណើរ។
២. សារ៉េកញ្ចក់ឆ្វេងស្តាំ មុខក្រោយ ៖ ចំពោះកៅអីក៏ត្រូវសារ៉េដូចគ្នា ទៅតាមបែបបទនៃការអង្គុយរបស់អ្នកបើកបរបុរសនិងស្រ្តី ហើយក៏ត្រូវសារ៉េត្រង់ផ្នែកកឱ្យបានត្រឹមត្រូវផងដែរ ដើម្បីមានផាសុកភាពពេលធ្វើដំណើរយូរ។
៣. ឡានលេខដៃ ៖ គឺដោះហ្វ្រាំងជាមុនសិនរួចសឹមបញ្ឆេះ មិនដូចច្នោះ អាចធ្វើឱ្យឆេះតាបួរ ស្បែកហ្វ្រាំង និងឆេះកង់ក៏ថាបានព្រោះតែវាកកិតខ្លាំងពេក។ ភាគច្រើនឡានលេខដៃ ត្រូវទម្លាក់ចុះក្រោម ដើម្បីដោះហ្វ្រាំង ហើយអ្នកដែលទើបចេះបើកបរដំបូងៗច្រើនតែធ្វេសប្រហែសត្រង់ចំណុចនេះ។
៤. ពិនិត្យធុងទឹក ៖ ធុងទឹករថយន្តក៏ជារឿងសំខាន់ដែលអ្នកបើកបរគ្រប់រូបត្រូវពិនិត្យឱ្យបានញឹកញាប់រាល់ពេលចេញដំណើរទៅទីឆ្ងាយ ដើម្បីធានាថាមិនមានបញ្ហាលេចខ្វះឬលេចធុងទឹកជាដើម។ អ្នកគួរឧស្សាហ៍ពិនិត្យមើលត្រង់ចំណុចទាំងអស់ ដើម្បីឱ្យការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព៕